ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តចុះមូលដ្ឋានជួបសួរសុខទុក្ខសមាជិកបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋនៅឃុំអង្គរបាន និងឃុំសូរគង ស្រុកកងមាស


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស និងឯកឧត្តម យូ ស៊ុនឡុង អនុប្រធានទី១ និងជារដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានបន្តជួបសំណេះសំណាល សួរសុខទុក្ខ និងបង្រៀនគូសសន្លឹកឆ្នោតដល់បងប្អូន ប្រជាពលរដ្ឋ សមាជិកសមាជិកាគណបក្ស ក្នុងឃុំអង្គរបាន និងឃុំសូរគងស្រុកកងមាសខេត្តកំពង់ចាម នាថ្ងៃទី១១ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ពិសេសបោះឆ្នោតជូនគណបក្សប្រជនកម្ពុជា ដែលមានលេខរៀងទី១៨ ព្រោះសំឡេង ឆ្នោតរបស់ប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកសម្រេច នូវជោគវាសនាខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិយើង។

ឯកឧត្តមបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការពារសុខសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយមានអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ»

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ក្នុងមូលដ្ឋាន ស្រុកកងមាស មានការអភិវឌ្ឍ និងសម្រេចបាននូវសមិទ្ធិផលនានាជាច្រើនដូចជា សាលារៀន ស្ពានបេតុង ស្ពានយោល ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ជ្រាំងទប់មាត់ព្រែក អគារសិក្សា មណ្ឌលសុខភាព និងការបន្ត សាងសង់សមិទ្ធផលផ្សេងៗជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបម្រើដល់សេចក្ដីត្រូវការចាំបាច់ របស់សហគមន៍ ទាំងមូល។

សមាជិក សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងស្រុកកងមាស បានប្តេជ្ញាគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាប្រកបដោយសុខសន្តិភាព ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានសាទរចំពោះសមិទ្ធិផលដែល សម្រេចបាននានាលើគ្រប់វិស័យ វិស័យអប់រំ សុខាភិបាល ពុទ្ធចក្រ សេវាសាធារណៈ និងមានហេដ្ឋារចនាសម្ព័ន្ធ ដែលបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ៕