ឯកឧត្តមបណ្ឌិត ថោង ខុន បន្តចុះជួបសំណេះសំណាល និងអំពាវនាវឱ្យអាជីវករនៅផ្សារបារាយណ៍ ទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា


ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលជាមួយអាជីករលក់ដូរ នៅផ្សារបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដែលមានលេខរៀងទី១៨។

នាឱកាសជួបសំណេះសំណាលប្រកបដោយភាពស្ធិទ្ធស្នាលនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករ រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ជាមុន និងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តដឹកនាំមាតុភូមិកម្ពុជា ក្នុងសុខសន្តិភាព កាន់តែរីកចម្រើនរុងរឿងទៅមុខរៀងរហូត និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។

បងប្អូនអាជីវករ រួមទាំងប្រជាពលរដ្ឋដែលបានជួបនាឱកាសនោះ ក៏បានបង្ហាញការស្វាគមន៍ជាមួយនឹងស្នាមញញឹមប្រកបដោយភាពស្និទ្ធស្នាល និងបានប្តេជ្ញាចិត្តទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តទៅទៀត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ ៕