ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ត្រៀមសមាជិក សមាជិកា៥,០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត នៅថ្ងៃបិទបញ្ចប់ទី២១ កក្កដា


ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំបក្សក្រុងសង្កាត់ ដើម្បីត្រៀមរៀបចំពិធីជួបជុំសមាជិក សមាជិកាចំនួន ៥,០០០នាក់ សម្រាប់ដង្ហែក្បួនឃោសនា ទ្រង់ទ្រាយធំនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅស្នាក់ការបក្សគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម។

ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សម្រាប់ថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ពិធីជួបជុំសមាជិកសមាជិកា មុនពេលហែក្បួន គឺធ្វើនៅសួនច្បារមុខសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកំពង់ចាម។ ចំពោះពិធីដង្ហែក្បួនឃោសនានឹងធ្វើត្រឹមរយៈពេលថ្ងៃត្រង់ អាចឈានដល់ពេលរសៀលចំពោះសង្កាត់ណា ដែលមានលទ្ធភាព។

ប្រធានគណបក្សប្រជាជនក្រុងកំពង់ចាម លោក លី សុវណ្ណ បានឲ្យដឹងដែរថា សម្រាប់វិធីក្បួនដង្ហែឃោសនានៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ គណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម បានត្រៀមសមាជិក សមាជិកា ចំនួន ៥,០០០នាក់ រថយន្តតុបតែងលម្អចំនួន ១៥គ្រឿង, រថយន្តតូចចំនួន ១៥៥គ្រឿង, ម៉ូតូចំនួន ៤,៤៥០គ្រឿង, ផាសអេប ចំនួន ២២គ្រឿង និងឧបករណ៍បំពងសំឡេងចំនួន៣៤គ្រឿង៕