ថ្ងៃទី១៨ នៃយុទ្ធនាការឃោសនាបោះឆ្នោត! ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បន្តជួបសមាជិក និងប្រជាពលរដ្ឋ៣ពាន់នាក់ នៅស្រុកស្វាយចេក ហើយអំពាវនាវឲ្យទៅបោះឆ្នោតគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា


នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣ពាន់នាក់ នៅស្រុកស្វាយចេក ចំថ្ងៃទី១៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំគណបក្ស ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្សព្រមទាំងប្រជាពលរដ្ឋស្រុកស្វាយចេក ដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់សម័យកាលបោះឆ្នោត និងសូមបន្តដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើននិងសូមស្វាគមន៍បងប្អូនក្មួយៗ ដែលមាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រ និងរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាជាមហាគ្រួសារតែមួយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា ជាង៤៤ឆ្នាំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ កសាងបាននូវការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍគ្រប់វិស័យ និងសុខដុមនីយកម្មជូនជាតិរួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំប្រឹងប្រែងរួមគ្នាជំនះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូកសម្រេចបានសមិទ្ធិផលជាប្រវត្តិសាស្រ្ត ដោយបាននាំប្រទេសជាតិឲ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីហេដ្ឋារចនាសម្ព័ន្ធប្រទេសត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីពេញលេញ និងលើកកិត្យានុភាពជាតិខ្ពស់កាន់តែល្បីរន្ទឺស្ញប់ស្ញែងនៅក្នុងតំបន់និងសកលលោកគួរជាទីមោទនៈ។

ជាមួយនឹងការស្ម័គ្របម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ ពេលអនាគត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕