ថ្ងៃទី១៨ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត, ឯកឧត្តម ម៉ម ប៊ុនហេង បន្តដឹកនាំសមាជិកបក្ស ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ


ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ និងបុគ្គលិកតាមអាហារដ្ឋានលើវិថីម៉ុងឬទ្ធី នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នាឱកាសចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមផ្សារ, ឯកឧត្តម ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះប្រជាពលរដ្ឋ បានសម្តែងការគាំទ្រ និងសប្បាយរីករាយស្វាគមន៍យ៉ាងខ្លាំងចំពោះការចុះសំណេះសំណាល និងការបង្ហាញនូវគោលនយោបាយរបស់បក្ស រួមទាំងការបង្រៀនគូសសន្លឹកឆ្នោត ដែលដឹកនាំដោយ លោក ម៉ម ប៊ុនហេង។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕