កាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ នៅសាលាខេត្តកណ្តាល មានរៀបចំពិធីប្រកាសចូលកាន់មុខដំណែង ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលថ្មី ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ៅ ភីរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នគរបាលទេសចរណ៍ អភិបាលក្រុងស្រុក លោកគ្រូ អ្នកគ្រូ និស្សិត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ សរុបប្រមាណជាង ៣០០នាក់។
យោងតាមប្រកាសរបស់ក្រសួងទេសចរណ៍លេខ ១០០ ប្រក ចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការបញ្ចប់មុខដំណែង និងតែងតាំងមន្រ្តីរាជការ បានសម្រេចបញ្ចប់មុខដំណែង លោក សំ សូភី ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ពីប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងទេសចរណ៍ និងតែងតាំង លោក ជួប សោភ័ណ្ឌ ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ជាប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល។
បន្ទាប់ពីលោកប្រធានមន្ទីរទេសចរណ៍ចាស់បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងាររបស់មន្ទីរទេសចរណ៍ខេត្តកណ្តាល និងទិសដៅអនុវត្តបន្ត និងការឡើងអានប្រកាសស្តីពីការបញ្ចប់មុខដំណែង និងតែងតាំង មន្ត្រីរាជការ ដោយប្រធាននាយកដ្ឋានធនធានមនុស្សនៃក្រសួងទេសចរណ៍រួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់ឯកសារប្រកាសតែងតាំង និងប្រគល់ត្រាជូនប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលថ្មី ព្រមទាំងបានណែនាំដល់លោកប្រធានមន្ទីរថ្មី និងមន្ត្រីមន្ទីរ អនុវត្តការងារសំខាន់ៗ ដូចជា៖
១- ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងមន្ទីរអោយបានល្អ
២- ត្រូវធ្វើការបែងចែក និងប្រគល់ភារកិច្ចជូនមន្រ្តីអោយបានច្បាស់លាស់
៣- ត្រូវមានរបៀបរបបប្រជុំ របៀបរបបដឹកនាំ និងត្រួតពិនិត្យការងារច្បាស់លាស់
៤- ត្រូវពិនិត្យ និងកែសម្រួលរចនាសម្ព័នរបស់មន្ទីរ ឲ្យបានសមស្របតាមរចនាសម្ព័ន្ធថ្មិរបស់ក្រសួង
៥- ត្រូវពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តី ពង្រឹងវិន័យ និងការចាត់តាំងមន្ត្រីរាជការអោយបានច្បាស់លាស់
៦- ត្រូវពង្រឹងការអនុវត្តថវិការកម្មវិធី និងការគ្រប់គ្រងចំណូល-ចំណាយរបស់មន្ទីរអាយបានច្បាស់លាស់
៧- ត្រូវមានកិច្ចសហការល្អជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព សមត្ថកិច្ចពាក់ព័ន្ធ ជុំវិញខេត្ត និងផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍
៨- ត្រូវរៀបចំបង្កើតឲ្យមានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្តកណ្តាល
៩- ត្រូវពង្រឹងការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសគឺត្រូវជម្រុញឲ្យមូលដ្ឋានអាជីវកម្មនិងសេវាកម្មទេសចរណ៍ទាំងអស់ រកស៊ីត្រឹមត្រូវតាមច្បាប់ និងមានអាជ្ញាបណ្ណប្រកបអាជីវកម្មត្រឹមត្រូវ ព្រមទាំងជម្រុញអនុវត្តការផ្តល់អាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងជម្រុញអនុវត្តស្តង់ដារសេវាកម្មទេសចរណ៍នានាដែលក្រសួងបានដាក់ចេញ
១០-ត្រូវពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍផលិតផលទេសចរណ៍ ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានទេសចរណ៍នានានៅខេត្តកណ្តាលមានការប្រែប្រួល និងមានភាពទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ ពិសេសគឺត្រូវចូលរួមយ៉ាងសកម្មក្នុងចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ដែលនឹងប្រកាសជ័យលាភីនៅចុងឆ្នាំ២០១៧នេះ។ ជាងនេះទៀត ត្រូវខិតខំរៀបចំបង្កើតជាកញ្ចប់ខ្សែទស្សនកិច្ចមួយរបស់ខេត្តកណ្តាល ដោយតភ្ជាប់គោលដៅទេសចរណ៍មួយទៅគោលដៅមួយ។
១១-ត្រូវពង្រឹងការងារទីក្រុងស្អាត ព្រោះក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានដាក់ជាបេក្ខភាពសម្រាប់ចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី២ ដោយសង្ឃឹមថា ក្រុងតាខ្មៅអាចទទួលបានផ្ការំដួង៣ទង
១២-ត្រូវត្រៀមលក្ខណៈ និងសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងសាលាខេត្តកណ្តាល ដើម្បីរៀបចំពិធីបុណ្យទន្លេ នាដើមខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ អោយបានល្អ។
១៣-ត្រូវរៀបចំបង្កើតអោយមានជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាឲ្យបានច្រើនសម្រាប់ខេត្ត។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្ដរជាតិជាង ៥លាននាក់ កើនឡើង ៥% និងទេសចរក្នុងស្រុកជាង ១០លាននាក់ កើនឡើង ១០% ដោយនាំមកនូវចំណូលប្រមាណ ៣,៤០០លានដុល្លារ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលទេសចរអន្តរជាតិចំនួនជិត ២.៦៦លាននាក់ កើនឡើង ១២.៨% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ដោយនាំមកនូវចំណូលជាតិប្រមាណ ៥,០០០លានដុល្លារអាមេរិក ហើយបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់។