តំណាងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនស្រុកខ្សាច់កណ្តាលជាង ៨៧០នាក់ រំលឹកពីតួនាទី ក្នុងនាមជាអ្នកសង្កេតការណ៍បោះឆ្នោត


(កណ្តាល)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ​នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ​បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាល ជាមួយភ្នាក់ងារគណបក្ស និងប្រធានមណ្ឌលសកម្មភាព នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ដែលមានវត្តមានអ្នកចូលរួមសរុបប្រមាណជាង៨៧០នាក់។

​ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត បាន​ផ្តាំផ្ញើដល់ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា អំពីព្រឹត្តិការណ៍ពត៌មានថ្មីៗ កំពុងកើតមានឡើង និងបានធ្វើការណែនាំ ដល់ភ្នាក់ងារគណបក្សទាំងអស់ ដែលជាតំណាងរបស់គណបក្ស សង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ត្រូវយល់ដឹងឱ្យច្បាស់លាស់ពី តួនាទី ភារកិច្ច សិទ្ធិ និងការទទួលខុសត្រូវរបស់ភ្នាក់ងារគណបក្ស ក្នុងពេលបំពេញកិច្ចការក្នុងការិយាល័យបោះឆ្នោតរបស់ខ្លួន។

​ឯកឧត្តមបណ្ឌិតបានបន្តថា ភ្នាក់ងារគណបក្សត្រូវយល់ដឹង៖

១-ច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត
២-សង្កេត និងតាមដានលើការអនុវត្តច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ដោយប្រុងប្រយ័ត្នក្នុងមណ្ឌលរបស់ខ្លួនតាំងពីចាប់ផ្តើមរហូតដល់ចប់នីតិវិធីបោះឆ្នោត
៣-ជាតំណាងគណបក្សប្រជាជនកម្ពុជា ក្នុងការតាមដានព័ត៌មានបោះឆ្នោតក្នុងមណ្ឌលរបស់ខ្លួនឲ្យបានច្បាស់លាស់ និងរាយកាណ៍ជាប្រចាំតាមការិយាល័យបោះឆ្នោតរបស់ខ្លួនប្រចាំការ
៤-មានភាពក្លាហាន រឹងប៉ឹង និងច្បាស់លាស់ ដោយហ៊ានតវ៉ាតាមនីតិវិធីច្បាប់ ក្នុងករណីមានការបំពាន ឬ បាតុភាពក្នុងមណ្ឌលបោះឆ្នោត
៥-ភ្នាក់ងារគណបក្ស រក្សាឥរិយាបថ អត់ធ្មត់ មិនប្រើហិង្សា ហើយត្រូវយកការតវ៉ាតាមផ្លូវច្បាប់ជាគោលការណ៍
៦-ត្រៀមឯកសារសម្រាប់ការបោះឆ្នោត និងសម្ភារៈ និងចំណីអាហារសម្រាប់បំពេញការងារឲ្យបានគ្រប់គ្រាន់។

លើសពីនេះ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ និងអំពាវនាវ ដល់សមាជិកសមាជិក និងភ្នាក់ងារគណបក្សទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពនានា និងឧបាយកលដែលប៉ុនប៉ងរំលោភបំពានបំផ្លាញ នូវដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ព្រមទាំងសកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម តាមគ្រប់រូបភាព។

​ឯកឧត្តមបណ្ឌិត មានក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាទាំងអស់ រួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយនានារបស់គណបក្ស ជាពិសេសទៀតនោះ បង្កើតបានសមិទ្ធផលធំៗថ្មីទៀត លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍន៍៕