ឯកឧត្តម វង្សី វិស្សុត ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាង៤,០០០នាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅស្រុកមុខកំពូល ខេត្តកណ្តាល


ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៤,០០០នាក់ ជួបជុំនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល និងដង្ហែក្បួនឃោសនាបោះឆ្នោត តាមបណ្តាឃុំទាំង៧នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

ឯកឧត្តម វង្សី វិស្សុត បានសម្ដែងនូវការគោរពកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសមាជិក សមាជិកា សកម្មជន យុវជនគណបក្ស ប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេល២០ថ្ងៃកន្លងមកយ៉ាងស្រស្រាក់ស្រស្រាំ និង សកម្មបំផុត ប្រកបដោយឆន្ទៈដ៏មុតស្រួច ក្នុងនាមជាកងទ័ពទេវតា ដោយប្រកាន់ខ្ជាប់នូវច្បាប់, បទបញ្ជា, នីតិវិធី, និង គោលការណ៍ណែនាំទាំងអស់របស់គ.ជ.ប. ដែលបានញ៉ាំងឲ្យយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកមុខកំពូល បានប្រព្រឹត្តទៅដោយរលូន និងមិនរងបាតុភាពរំខានណាមួយឡើយ។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលកើតចេញពីប្រជាជន, នៅជាប់ជាមួយប្រជាជន, និងធ្វើអ្វីៗដើម្បីតែប្រជាជន។ មានតែគណបក្ស ប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលផ្តល់តម្លៃដល់សន្តិភាព និង ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាព ប្រាកដនិយម, ជាក់លាក់ និងមិនមែនប្រជាភិថុត បោកប្រាស់ឡើយ។ ដូច្នេះការជ្រើសរើសយកគណបក្ស ប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំនាវាកម្ពុជា គឺជាការជ្រើសរើស ដើម្បីអនាគតកម្ពុជាមួយ ដែលមានសន្តិភាព មានភាពរុងរឿង, ជាការបោះឆ្នោតដើម្បីខ្លួនឯង, ជាការបោះឆ្នោតដើម្បីកូនចៅខ្លួនឯង និងជាការបោះឆ្នោត ដើម្បីជាតិកម្ពុជាទាំងមូល។

ទោះបីក្រោមដំណក់ទឹកភ្លៀង សមាជិក សមាជិកាទាំងអស់ សុទ្ធតែបានបង្ហាញនូវទឹកមុខរីករាយក្លៀវក្លា និងបានប្រកាសប្តេជ្ញាចិត្ត ហើយអំពាវនាវដល់ប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបន្តផ្តល់ការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេស ឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ៕