ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាជាង ១ម៉ឺននាក់ ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅខេត្តប៉ៃលិន


ឯកឧត្តម អុី ឈាន បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ បានអញ្ជើញដឹកនាំក្បួន​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុងពិធីបិទយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ​​ នាព្រឹក​ថ្ងៃទី​២១ ខែកក្កដា​ ​ឆ្នាំ​២០២៣ មានសមាជិកចូលរួមចំនួន ១២ ៧៧២នាក់។

ថ្លែងទៅកាន់មហាជន និងយុវជនយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា ឯកឧត្តម អ៊ី ឈាន បានសម្តែងនូវអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់, សមាជិក-សមាជិកា បក្ស និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលបានខិតខំចូលរួមក្នុងការឃោសនា ជូនគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត៕