ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអរគុណប្រជាពលរដ្ឋ ដែលអញ្ជើញទៅបោះឆ្នោតគាំទ្របក្សប្រជាជន ឱ្យឈ្នះភ្លូកទឹកភ្លូកដី និងប្តេជ្ញាបន្តបម្រើជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្តវេនជានាយករដ្ឋមន្ត្រីនាពេលអនាគត នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះបានបង្ហោះសារ និងវីដេអូ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដី។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត បានបង្ហាញនូវការប្តេជ្ញាបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិត បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖

ប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ (ជាង ៨៤%) និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាអោយឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបម្រើប្រជាពលរដ្ឋតទៅអនាគត។ ខ្ញុំមានតែពាក្យពីរម៉ាត់ ជូនចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលបានទៅចូលរួមបោះឆ្នោត៖

១៖ អរគុណ ចំពោះលោកតាលោកយាយ លោកអ៊ំពូមីងបងប្អូនទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា

និង២៖ ប្តេជ្ញាចិត្ត បន្តចូលរួមបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំង ប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។

សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕