ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់


នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពី តម្រូវការក្នុងកិច្ចការសង្គ្រោះបឋមនៃរថយន្តសង្គ្រោះ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ ការដំឡើងឧបករណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយបទល្មើសចរាចរណ៍ គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកក្នុងរាជធានីភ្នំពេញ ការអនុញ្ញាតរថយន្តឆ្លងកាត់ស្ពានព្រែកភ្នៅក្នុងតម្លៃពិសេស និងការកសាងស្ពានបាឡេបណ្តោះអាសន្នឆ្លងកាត់ទន្លេសាប ដើម្បីសម្រួលការធ្វើចរាចរណ៍ខណៈពេលស្ពានជ្រោយចង្វារកំពុងជួសជុល គម្រោងរថភ្លើងស្វយ័តប្រវត្តិAGT(រថភ្លើងគ្មានអ្នកបើកបរ) ដំណើរការសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ព្រះលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្តទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដើម្បីរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងចលនាចែកមួកសុវត្ថិភាពចំនួន៥ម៉ឺនមួក។
ជាលទ្ធផលនៃកិច្ចប្រជុំបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកក្កដាកន្លងទៅនេះ កើតមានចំនួន២៥៤ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣០ នាក់ និងរបួស ៣៧០ នាក់ គិតជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន៤,៣នាក់ និងបានត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកលើយានយន្តសរុបចំនួន ៧៨១៥០ គ្រឿង ក្នុងនោះមានរថយន្តល្មើសច្បាប់ស្មើ១៤% ហើយបានធ្វើការអប់រំចំនួន៤៦៧០គ្រឿង។
ចុងបញ្ចប់នៃកិច្ចប្រជុំ មានការចាក់បញ្ចាំងស្ពតអប់រំ ស្តីពីផលប៉ៈពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលជាវីដេអូរយៈពេល៥នាទី ដើម្បីស្នើសុំយោបល់បន្ថែមពីសមាជិក គ.ស.ច.គ ក្នុងការធ្វើឲ្យស្ពតអប់រំនេះកាន់តែមានមានការចាប់អារណ៍បន្ថែមទៀត។