ឯកឧត្តមសាយ សំអាល់៖ ក្រមបរិស្ថានបង្កើតឡើងដើម្បីនិរន្តរភាពបរិស្ថានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់


“ក្រមបរិស្ថាន និងធនធានធម្មជាតិត្រូវរៀបចំតាក់តែងឡើងដើម្បីដើម្បីនិរន្តរភាពបរិស្ថានចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់”។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី ៥ ស្តីពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី១៦ ខែសីហានេះក្នុងសណ្ឋាគារ ភំ្នពេញ។ ការពិភាក្សាលើកទី ៥ នេះដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធប្រមាណ ៣០០ នាក់ គឺមានគោលបំណងសំខាន់ ១.ឱ្យមានការចូលរួមពីថ្នាក់ក្រោមជាតិនូវមតិយោបល់ អនុសាសន៍ និងការកែសម្រួលលើសេចក្ដីព្រាងក្រមបរិស្ថានពីរដ្ឋបាលថ្នាក់ក្រោមជាតិ ២.ផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាពនៃការងារក្នុងកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ ៣.ត្រៀមចូលរួមអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តថ្មីនេះឱ្យមានប្រសិទ្ធភាពនាពេលអនាគត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីចូលរួមទាំងអស់ក្នុងសិក្ខាសាលា ផ្តល់មតិយោបល់ដើម្បីឱ្យក្រមបរិស្ថាននេះ ក្លាយជាយន្តការអនុវត្តបានសម្រាប់សង្គមកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “ក្រមបរិស្ថានមិនមែនដើម្បីក្រសួងបរិស្ថានតែម្នាក់ឯងនោះទេ ប៉ុន្តែវាជាច្បាប់ជាតិដើម្បីជាតិទាំងមូល ហើយច្បាប់នេះបង្កើតឡើងដើម្បីនិរន្តរភាពបរិស្ថាន”។
សូមបញ្ជាក់ថាសេចក្តីព្រាងក្រមបរិស្ថាននេះមាន ១៣២៧មាត្រា ចែកចេញជា ១១គន្ថីដែលមានទិសដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រង និងការស្តារឡើងវិញនូវធនធានធម្មជាតិ និងការពារបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ការពារធម្មជាតិ។ សេចក្តីព្រាងក្រមនេះ មានលក្ខណៈពហុវិស័យ និងជាបណ្តុំនៃលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនិងវិស័យបរិស្ថាន និងធនធានធម្មជាតិ៕