ឯកឧត្តម វង សូត អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ


ឯកឧត្តម វង សូត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងសមាជិកសមាជិកាបក្សមូលដ្ឋានឃុំទាំង៨ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែងសរុបប្រមាណ ២ពាន់នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក។

នាឱកាសនោះ ឯកឧត្តម វង សូត សម្តែងនូវមោទនភាពយ៉ាងខ្លាំងសម្រាប់ខេត្តត្បូងឃ្មុំ ពិសេសស្រុកពញាក្រែក ដែលទទួលបានសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួនប្រមាណ ៦៤,០៣៧ នាក់ ស្មើនឹងជាង ៨១% នៃអ្នកបោះឆ្នោតសរុប។ដោយឡែកសន្លឹកឆ្នោតមិនបានការមានចំនួន៣,៥៦៧ សន្លឹក។

ឯកឧត្តម វង សូត ក៏បានថ្លែងនូវការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនក្រុមការងារយើងទាំងអស់ទាំងក្រុមការងារថ្នាក់កណ្ដាល និងនៅថ្នាក់មូលដ្ឋានដោយបានប្រើប្រាស់ទាំងកម្លាំងកាយចិត្ត ទាំងថវិកា និងសម្ភារអស់យ៉ាងច្រើនដើម្បីបម្រើនិងជួយដល់ គណបក្សប្រជាជនកម្ពុជាយើងឱ្យទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតនៅអាណត្តិទី៧ ឆ្នាំ២០២៣នេះ។

ប្រធានក្រុមការងារ ឯកឧត្តម វង សូត បានបង្ហាញពីមោទនភាពក្នុងការរួមកម្លាំងគ្នាដើម្បីធ្វើការឱ្យមូលដ្ឋាន។ ជាមួយគ្នានោះយើងត្រូវចាំឱ្យច្បាស់ថាបងប្អូនប្រជាពលរដ្ឋមានការស្រឡាញ់គាំទ្រយើងទាល់តែយើងស្រឡាញ់គាត់ដែរ។ ហើយមានតែកត្តាខិតខំប្រឹងប្រែងធ្វើការងារដោយយកចិត្តទុកដាក់គឺមិនអាចប្រហែលបាននោះទេទើបយើងទទួលបានជោគជ័យបន្តទៀត។ ដោយការទទួលបានជោគជ័យនេះគឺបានមកការលះបង់ និងការ ខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត និងលោកជំទាវ ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើរទុកជាអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តផងដែរដល់ក្រុមការងារគណបក្សដែលមានស្នាដៃ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភនូវសម្ភារ និងថវិកាក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ហើយបន្ទាប់ពីបញ្ចប់ពិធីនោះក៏មានទទួលនូវអាហារសាមគ្គីផងដែរ។

លោក លី សុភាលីន ប្រធានគណៈកម្មាធិការគណបក្សស្រុកពញាក្រែក បានឱ្យដឹងថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៣នេះសមាជិកបក្សក្នុងប្រព័ន្ធព័ត៌មាន សរុបចំនួន ៧២,០៦៤ នាក់ ក្នុងនោះមានកំណើនចំនួន ៥,៦៤៧ នាក់ ស្មើនឹង ៨.៥០%។

ដោយនៅទូទាំងស្រុកពញាក្រែក មានប្រជាពលរដ្ឋចំនួន ៧៨,៨០៨ នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន ៦៤,០៣៧ នាក់ ស្មើនឹងជាង ៨១ % នៃចំនួនអ្នកបោះឆ្នោតសរុប បើធៀបនឹងចំនួនសមាជិកបក្សនៅក្នុងប្រព័ន្ធយើងទទួលបានអាត្រា ៨៨.៨៦% ។ សម្រាប់សន្លឹកឆ្នោតមិនបានការមានចំនួន ៣,៥៦៧ សន្លឹក ក្នុងនោះដោយអចេតនាចំនួន ២,២៣៤ សន្លឹក និងដោយចេតនាចំនួន ១,៣៣៣ សន្លឹក(គូសខ្វែង)៕