លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេន ព្រះសង្ឃចំនួន ២៣វត្ត នៅស្រុកស្វាយទាប ខេត្តស្វាយរៀង


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ម៉ក់ សារុន សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះស្រុកស្វាយទាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បាននាំយកទៀនព្រះវស្សា ទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន២៣  នៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។

នៅក្នុងពិធីនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានជួបសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ព្រមទាំងបាន លើកឡើង ពីភាពរីកចម្រើន លើវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលវិស័យទាំងពីរនេះ ចាំបាច់ត្រូវដើរ ទន្ទឹមគ្នា ពីព្រោះព្រះពុទ្ធសាសនា បានចាក់ឫស យ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណី របស់ប្រជាជនខ្មែរយើង ដែលប្រជាជនកម្ពុជា មានជំនឿជឿជាក់ និងគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អជាដើម។

បន្ថែមលើសពីនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណជូនចំពោះសកម្មជនគណបក្សទូទាំងស្រុកស្វាយទាប ដែលមានសមាសភាពចូលរួម៤៣៥ នាក់ និងអបអរសាទរចំពោះលទ្ធផលដែលទទួលបានអំពីការខិតខំបំពេញតួនាទីជាសមាជិកគណបក្សដ៏ឆ្នើមដឹកនាំ និងចលនាសមាជិកគណបក្សនិងប្រជាពលរដ្ឋទៅបោះឆ្នោតបានច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា លោកជំទាវបណ្ឌិតសភាចារ្យបាននាំ ទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុបានប្រគេន ព្រះសង្ឃ ដោយក្នុងមួយវត្តទទួល បាន ទានវស្សា មី អង្ករ  ទឹកដោះគោនិង បច្ច័យមួយចំនួនផងដែរ៕