ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិយើង គឺធនធានមនុស្ស ដូច្នេះការវិនិយោគដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នឹងនៅបន្តជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ា ណែត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈ Facebook និង Telegram ផ្លូវការ បានបង្ហោះនូវវិដេអូខ្លីមួយ ដោយលើកឡើងថា សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិយើង គឺធនធានមនុស្ស ដូច្នេះការវិនិយោគដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នឹងនៅបន្តជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិតលើកឡើងថា «ការបណ្តុះបណ្តាលធនធានមនុស្ស ជាសមិទ្ធផលដើម្បីចែករំលែកក្នុងប្រទេសរបស់យើង ដែលខ្ញុំថាជាសមិទ្ធផលធំសំខាន់បំផុត គឺធនធានមនុស្សដែលមានសមត្ថភាព មានគុណធម៌ សីលធម៌ សម្រាប់ពង្រឹងប្រទេសជាតិយើង និស្សិតដែលបញ្ចប់ការសិក្សាប្រៀបដូចជាសសរសម្រាប់ប្រទេសជាតិ ហើយប្រទេសជាតិត្រូវកាសសរដែលរឹងមាំ ទាំងសុខភាព សមត្ថភាព និងចំណេះដឹង ហើយសសរដែលបណ្តុះបណ្តាលជំនាន់ក្រោយៗកាន់តែរឹងមាំថែមទៀត ដើមទ្រនូវប្រទេសរបស់យើងឱ្យកាន់តែរឹងមាំ»

សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន៤ ដំណាក់កាលរួចមកហើយ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់យកការអំប់រំធនធានមនុស្ស ជាវិស័យអាទិភាពបំផុតមួយ ដោយផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ៕