តបតាមការអញ្ជើញរបស់វិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី (SIIA) ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងវេទិកាអាស៊ាន និងអាស៊ីលើកទី១៥ នៅប្រទេសសិង្ហបុរី។
នៅព្រឹកថ្ងៃ០៤ ខែសីហា ឆ្នាំ២០២៣នេះ នៅប្រទេសសិង្ហបុរី មុនពេលវេទិកាអាស៊ាន និងអាស៊ីលើកទី១៥ បានចាប់ផ្តើម ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសដល់ទូរទស្សន៍ CNBC។ នៅក្នុងកិច្ចសម្ភាសនោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈ ស្តីពីវឌ្ឍនភាពចុងក្រោយ នៃសមាហរណកម្មអាស៊ាន មជ្ឈភាពអាស៊ាន និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត។
ក្រោយមកឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញផ្តល់សុន្ទរកថាបើក ក្នុងវេទិកាអាស៊ាន និងអាស៊ីលើកទី១៥។ នៅក្នុងសន្ទរកថា អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីអាស៊ានក្នុងនាមជាកម្លាំងស្នូល នៅក្នុងកិច្ចការតំបន់ ដែលដើរតួនាទីសំខាន់ក្នុងការផ្សាភ្ជាប់រវាងតួអង្គតំបន់នានា ជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់ការសម្របសម្រួល និងសហការនៅក្នុងវិស័យ នៃកិច្ចសហប្រតិបត្តិការមួយចំនួន។ វេទិកានេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមេដឹកនាំធុរកិច្ចផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចសម្ភាស ៣ ទល់នឹង៣ ដែលជាគំនិតផ្តួចផ្តើមដោយវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី នៅក្នុងឱកាសនៃវេទិកាអាស៊ាន និងអាស៊ីលើកទី ១៥។ លោកបានចែករំលែកទស្សនៈអំពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីខែមុន ព្រមទាំងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការពង្រឹងការត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខាភិបាល និងការបង្អាក់នៃច្រវាក់ផ្គត់ផ្គង់។
នៅរសៀលថ្ងៃដដែលនេះ លោកអគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់កាសែត The Economist របស់អង់គ្លេស។ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកនូវទស្សនៈវិស័យស្តីពីអាទិភាពបច្ចុប្បន្នរបស់អាស៊ាន ការងើបឡើងវិញផ្នែកសេដ្ឋកិច្ចក្រោយពីជំងឺរាតត្បាត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ៕