ខេត្តកែប ជាខេត្តទី៦​ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល


ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកែប ដែលជាខេត្តទី៦ ក្នុងចំណោម ២៥រាជធានីខេត្ត ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ពោលគឺមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ គិតត្រឹមនៅឆ្នាំ២០២៣នេះ។

ពិធីនេះប្រកាសទទួលបាននេះដែរបានធ្វើឡើងនៅសាលាខេត្តកែប និងដោយមានការចូលរួមពីឯកឧត្តម​ សោម​ ពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពីតំណាងអង្គការវ័តធឺអេត រួមទាំងមានមន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងអង្គការជាច្រើនរូប​ រួមទាំងមានលោក​ លោកស្រី​ មន្ត្រីរាជការ​ និងសិស្ស​ និស្សិតចូលរួមជាច្រេីនទៀតផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងបញ្ជាក់ថា ខេត្តកែប គឺជាខេត្តទី៦ហើយ ដែលត្រូវបានទទួលស្គាល់ជាខេត្ត ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្របទៅតាម រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ដជាតិ ផែនការសកម្មភាពជាតិ និងផែនការសកម្មភាពខេត្ត ដើម្បីសម្រេចឲ្យបានគោលដៅ អភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពគឺ «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅតាមសហគមន៍ជនបទ មានលទ្ធភាពទទួលសេវាផ្តត់ផ្គង់ទឹកស្អាត និងការរស់នៅ ក្នុងបរិស្ថាន ដែលមានអនាម័យល្អ ប្រកបដោយនិរន្តរភាព»

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្ថែមថានៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺបានគ្រោងខេត្តចំនួន៥ខេត្ត ដើម្បីជំរុញជាខេត្ត ODF រួមមាន៖ ១. ខេត្តស្វាយរៀង ២. ខេត្តកំពង់ស្ពឺ ៣. ខេត្តព្រៃវែង ៤. ខេត្តកំពង់ឆ្នាំង ៥. ខេត្តកែបនេះ​ ក្នុងនោះក៏មានខេត្តព្រៃវែងមួយទៀតដែរ​ ដែលបានស្ម័គ្រចិត្ត​ និងបានរៀបចំខេត្តខ្លួន​ បានបញ្ចប់ការបន្ទោបង់ពាសវាល​ ពាសកាលរួចហេីយផងដែរ។

ស្របជាមួយនឹងការប្រកាសខេត្តកែបបានបញ្ចប់ការបន្ទោបង់ពាសវាល​ ពាសកាលនេះឯកឧត្តមបណ្ឌិតសភាចារ្យ​ ក៏បានណែនាំដល់អភិបាលខេត្ត​ ខិតខំបន្តធ្វេីយ៉ាងណា​កុំឱ្យការបន្ទោបង់ពាសវាលពាសកាលនេះ​បន្តត្រឡប់មកវិញ​ និងបន្តចុះជំរុញដល់ប្រជាពលរដ្ឋពីផលប៉ះពាល់នៃការបន្ទោបង់ពាសវាលពាសកាល​ ឱ្យញឹកញាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានកោតសរសើរដោយស្មោះ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត ក្រុមការងារបច្ចេក ទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG) ថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ជាពិសេសលោក​ សោម​ ពិសិដ្ឋ​ ជាអភិបាលខេត្ត​ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម ជាមួយនឹងការដាក់ចេញផែនការច្បាស់លាស់ ជាមួយនឹងការពិនិត្យ តាមដាន និងការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទេ ទើបធ្វើឱ្យខេត្តអាចទទួលបានជោគជ័យដូចនេះផងដែរ។

ឯកឧត្តម សោម​ ពិសិដ្ឋ បានឱ្យដឹងដែរថា ពិធីអបអរសាទរខេត្តកែបទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ការងារផ្គត់ផ្គង់ទឹកស្អាត សុខភាព និង អនាម័យជនបទនៅក្នុងខេត្តកែប កន្លងមកសម្រេចបានសមិទ្ធផលមួយចំនួនគួរគត់សម្គាល់ ក្នុងនោះ៖ ១៖ ការងារផ្គត់ផ្គង់ទឹកជនបទសម្រេចបាន ៖ អណ្តូងស្នប់សរុប ចំនួន ៧៣៥អណ្តូង អណ្តូងលូសរុប ចំនួន ៧៨៦អណ្តូង ស្រះសហគមន៍ ចំនួន ១៥០ស្រះ ពាងយក្ស ចំនួន ១.០០២ពាង ប្រព័ន្ធចែកចាយទឹកស្អាតខ្នាតតូចសហគមន៍ចំនួន ២កន្លែង ប្រព័ន្ធចែកចាយទឹកឯកជនចំនួន ០២ក្រុមហ៊ុន។

ឯកឧត្តម សោម​ ពិសិដ្ឋ បានឱ្យដឹងទៀតថា ការងារលើកកម្ពស់អនាម័យជនបទសម្រេចបាន ខ្នងផ្ទះសរុបក្នុងខេត្តមានចំនួន ៩.២៧៥ខ្នង (ទិន្នន័យនៃការធ្វើផែនទីអនាម័យខ្នងផ្ទះ ចុងឆ្នាំ២០២២) ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ៨.៨៤៨ខ្នង ស្មើនឹង ៩៦,៧៨% ខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យរួម ២៩៤ខ្នង ស្មើនឹង ៣,២២% ខ្នងផ្ទះចំណាកស្រុក ១៣៣ខ្នង លេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនា ម័យជនបទ បានសហការជាមួយក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់ ODF ខេត្តកែប នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ និងជាលទ្ធផលខេត្តកែបជាខេត្តសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕