ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់នូវប្រព័ន្ធទឹកស្អាត ស្ថិតក្នុងភូមិបឹងស្មុក ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់


ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣
ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់អោយប្រើប្រាស់នូវប្រព័ន្ធទឹកស្អាត ស្ថិតក្នុងភូមិបឹងស្មុក ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោក ខៃរ៉ូល ហាហ្វីស ប្រធានអង្គការមាគ៌ាជីវិត លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ លោក សួន នៅ ប្រធានការិយាល័យអប់រំស្រុកក្រគរ លោក ចាន់ សៃ មេឃុំស្វាយសរ លោកមេភូមិ និងអាជ្ញាធរដែនដី ។ ប្រព័ន្ធទឹកស្អាតនេះ ជំនួយថវិកាពីអង្គការ មុស្លីមអេដសហរដ្ឋអាមេរិក (Muslim Aid USA) តាមរយៈអង្គការមាគ៌ាជីវិត ដែលគំរោងនេះបានផ្តល់ជូនដល់សាលាបឋមសិក្សាកោះកណ្ដាល សម្រាប់សិស្សានុសិស្ស លោកគ្រួ អ្នកគ្រូ និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះស្ថិតនៅក្នុងភូមិបឹងស្មុក ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្នុងគម្រោងនេះ អង្គការមាគ៌ាជីវិត ចាប់ផ្ដើមសាងសង់ថ្ងៃទី១០ កក្កដា ដល់ ៣០ កក្កដា ឆ្នាំ ២០២៣ បានតភ្ជាប់ប្រព័ន្ធ អណ្តូងត្រូវបានខួងទឹកជម្រៅ ៤១ម៉ែត្រ ចំនួន១ ដែលមានធាទឹក ៣ម៉ែត្រគូប ក្នុង១ម៉ោង ស៊ីទែនទឹកចំនួន១ ចំណុះ៥០០០លីត្រសាងសង់ជើងទម្រស៊ីទែនទឹកចំនួន១ កម្ពស់៥ម៉ែត្រ ដែលមានបង្កាន់ដៃ និងដំបូល ទុយោទឹក ដែលអាចផ្គត់ផ្គង់ទឹកដល់សាលារៀន និង កន្លែងលាងដៃ ព្រមទាំងតភ្ជាប់ទៅកាន់ផ្ទះប្រជាជនដែលនៅក្បែរនោះចំនួន៩ខ្នងផ្ទះ ដើម្បីឱ្យពួកគាត់ប្រើប្រាស់ដោយឥតគិតថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធទឹកនេះក៏បានផ្តល់ផលប្រយោជន៏ ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងអ្នកភូមិចំនួន៣៩៩នាក់ (ស្រី២៤៨នាក់) ដោយបានធ្វើតេស្តគុណភាព និងអនាម័យស្តង់ដា អាចពិសាបាន មិនប៉ះពាល់សុខភាពឡើយ។ មិនតែប៉ុណ្ណោះ អង្គការ បានសាងសង់អណ្តូងស្នប់ខ្នាតធំ ១៥ អណ្តូងផ្សេងទៀតនៅក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដែលត្រូវចំណាយ ថវិកា ៥០០០០ដុល្លារអាមេរិក ។

ឯកឧត្តម បានផ្តាំផ្ញើលោក គ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្នរួមគ្នាការពារ ថែរក្សា ដើម្បីប្រើប្រាស់បានយូរអង្វែង ពិសេសអគុណ បងប្អូនប្រជាពលរដ្ឋ ដែលបន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីបន្ត សុខ សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត ។