សម្តេចតេជោ ហ៊ុន សែន៖ អម្រែកដែលដាក់ដោយអ្នកជំនាន់ចាស់ ពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេនដែលនឹងត្រូវរែកពន់បន្ត


សម្ដេចតេជោ ហ៊ុន សែន ដែលទើបតែផុតអាណត្តិជានាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មុននេះបន្តិចនោះ បានបង្ហាញការជឿជាក់យ៉ាងមុតមាំចំពោះសមាសភាពគណៈរដ្ឋមន្ត្រីនីតិកាលទី៧ ខណៈអម្រែកកិច្ចការដែលបន្តពីគណៈរដ្ឋមន្ត្រីនីតិកាលទី៦នោះ គឺពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេន ដែលនឹងត្រូវរែកពន់បន្តសម្រាប់ជាតិកម្ពុជា។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភានីតិកាលទី៧ លើកទី១ នៅវិមានរដ្ឋសភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សម្ដេចតេជោបានសម្ដែងនូវភាពជឿជាក់ថា «ខ្ញុំគិតថាពួកគេពិតជាមានលទ្ធភាពធ្វើកិច្ចការដែលនៅសេសសល់ វាមិនមែនគ្រាន់តែជាការដោះស្រាយ បញ្ហាទៅមុខប៉ុណ្ណោះទេ តែអម្រែកកិច្ចការពីអ្នកជំនាន់ចាស់ វាពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេន ដែលពួកគេនឹងបន្តរែកពន់កិច្ចការដែលយើងធ្លាប់រែកពន់នោះ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្ទេរតំណែងដឹកនាំប្រទេសទៅឱ្យនាយករដ្ឋមន្ត្រី ក៏ដូចជាគណៈរដ្ឋមន្ត្រីនីតិកាលទី៧នេះ គឺជាការផ្ទេរទាំងតំណែងនិងអំណាចពិតប្រាកដ មិនដូចការបកស្រាយទាំងងងឹតល្ងង់របស់ក្រុមប្រឆាំងក្រៅស្រុកនោះឡើយ ពីព្រោះតំណែងតែងនៅជាមួយអំណាច មិនអាចមានតែតំណែងតែគ្មានអំណាចសម្រេចលើកិច្ចការនានានោះឡើយ។

ទោះជាយ៉ាងណា អ្នកនយោបាយជំនាន់មុនក៏មិនទាន់ទៅណាឆ្ងាយនោះដែរ គឺពួកគាត់នៅមានភារកិច្ចនៅសភាដែលជាស្ថាប័ននីតិបញ្ញត្តិ ប្រសិនបើមានអ្វីឆ្គាំឆ្គង អង្គនីតិបញ្ញត្តិនឹងមានវិធីក្នុងការផ្ដល់មតិយោបល់ពុតតម្រង់ការអនុវត្តរបស់ស្ថាប័ននីតិប្រតិបត្តិឡើងវិញដែរ តាមរយៈការកោះប្រជុំសភាជាដើម។ ម្យ៉ាងទៀត គណបក្សក៏មានវិធី និងរបៀបក្នុងការដោះស្រាយ តាមរយៈមហាសន្និបាទគណបក្សជាដើមដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏ជឿជាក់ដែរថា សមាសភាពគណៈរដ្ឋមន្ត្រីនីតិកាលទី៧មានភាពរហ័សរហួន ធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅដែលយើងបានកំណត់ នោះគឺ «ឆ្នាំ២០៣០ ត្រូវធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់»។

អម្រែកដែលនាយករដ្ឋមន្ត្រី ក៏ដូចជាគណៈរដ្ឋមន្ត្រីនីតិកាលទី៧ត្រូវទួលរែក គឺធ្ងន់ណាស់។ មានកិច្ចការងារមួយចំនួនទៀតដែលអ្នកបន្តវេនត្រូវធ្វើកំណែទម្រង់ ពាក់ព័ន្ធអភិបាលកិច្ច និងការងារដទៃទៀតដែលមានក្នុងរបៀបវារៈរបស់ខ្លួន។ នេះបើតាមការបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាគ្រប់ផ្នែកដទៃទៀត សូមបន្តការគាំទ្រចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីរួមចំណែកធ្វើឱ្យប្រទេសជាតិមានការជឿនលឿនទៅមុខ។ សម្ដេចតេជោក៏សង្ឃឹមថា ប្រជាពលរដ្ឋបានយល់អំពីស្ថានភាពពិតប្រាកដ ដែលបាននិងកំពុងកើតនៅក្នុងពិភពលោក និងប្រទេសកម្ពុជា ខណៈជំងឺកូវីដ១៩មិនទាន់បានបញ្ចប់ទាំងស្រុងទេ ទន្ទឹមនឹងវិប្បត្តិសេដ្ឋកិច្ចសកលដែលផ្ដើមចេញពីសង្គ្រាម និងការដាក់ទណ្ឌកម្មដោយឯកតោភាគី ដែលកំពុងតែប៉ះពាល់ដល់ពិភពលោក តំបន់ ក៏ដូចជាប៉ះពាល់ដល់កម្ពុជាផងដែរ ដែលបញ្ហានេះ គណៈរដ្ឋមន្ត្រីថ្មីច្បាស់ជាមានការប្រុងប្រយ័ត្នខ្ពស់៕