សម្ដេចក្រឡាហោម ស ខេង ជឿថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំកម្ពុជា បន្ដឈានទៅសម្រេចជោគជ័យដ៏ត្រចះត្រចង់ខ្លាំងក្លាថែមទៀត


សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញការជឿជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំនាវាកម្ពុជា បន្តឈានទៅសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ខ្លាំងក្លាថែមទៀត បន្តធានាបានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព សិទ្ធិសេរីភាព ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ បម្រើដល់ឧត្តមប្រយោជន៍ ជូនសង្គមជាតិ និងប្រជាជន។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ ឆ្លុះបញ្ចាំងការជឿទុកចិត្តលើគុណវុឌ្ឈ បទពិសោធ និងសមត្ថភាពដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យខ្ពស់ ភាពប៉ិនប្រសព្វ ម៉ឺងម៉ាត់ ព្រមទាំងប្រកបដោយ សីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ និងមនសិការស្នេហាជាតិរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈការរួមចំណែកសម្រេចបាននូវសមិទ្ធផលធំៗ ជូនជាតិមាតុភូមិ នាពេលកន្លងមក។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង សូមសម្តែងនូវសេចក្ដីអបអរសាទរយ៉ាងក្រៃលែង ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏សូមជូនពរ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងជ័យជម្នះដ៏ត្រចះត្រចង់លើភារកិច្ច ដ៏ឧត្តុង្គឧត្តមនេះ៕