ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជួបសំណេះសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារជូនមន្ត្រីរាជការ នៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ចំនួន៨២៥នាក់


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ អញ្ជើញជាគណៈអធិបតីក្នុង ពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ចំនួន ៨២៥នាក់។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីអប់រំយើង គ្រប់លំដាប់ថ្នាក់ក្នុងការរួមចំណែកអនុវត្ត កំណែទម្រង់វិស័យអប់រំទាំងបួនដំណាក់កាល ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលរយៈពេល ១០ឆ្នាំនៃការអនុវត្តកំណែទម្រង់វិស័យអប់រំ ជូនអង្គសន្និបាតអប់រំឆ្នាំ២០២៣ នាខែមេសាកន្លងទៅនេះ។

ក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក៏ដូចជាកម្មវិធីកំណែទម្រង់វិស័យអប់រំបួនដំណាក់កាលគឺ៖

– ដំណាក់កាលទី១/ កំណែទម្រង់ថ្នាក់ជាតិមាន ៨ចំណុច នៅឆ្នាំ២០១៤

– ដំណាក់កាលទី២ កំណែទម្រង់កម្រិតសាលារៀនមាន ១៥ ចំណុច ពីឆ្នាំ២០១៥  ដល់ឆ្នាំ២០១៨

⁃ ដំណាក់កាលទី៣ កំណែទម្រង់ការកសាងប្រព័ន្ធ និងអភិវឌ្ឍធនធានមនុស្ស ឈរលើសសរស្តម្ភ៥ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២

⁃ និងដំណាក់កាលទី៤ កំណែទម្រង់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចឌីជីថល ចាប់ពីឆ្នាំ២០២២ ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រសួង និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់ដូចជា៖ ការបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្ដិអនុគ្រោះឱ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាពចូលរៀន និងរៀនបន្ត, ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា, ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតមកពីគ្រួសារក្រីក្រ។

ក្រសួងបានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងការលើកទឹកចិត្ត ព្រមទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់។

រាជរដ្ឋាភិបាល បានផ្តល់អាទិភាពដល់ការដំឡើងបៀវត្សដល់បុគ្គលិកអប់រំ ដែលមកទល់ពេលនេះ បៀវត្សមន្ត្រីអប់រំបានកើនទ្បើងជិត ៣ដង។ ម៉្យាងវិញទៀត រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យបើកផ្តល់បៀវត្សដល់បុគ្គលិកអប់រំ និងបើកផ្តល់ថវិកាដំណើរការសាលារៀន តាមប្រព័ន្ធធនាគារទៀតផង។

ក្រសួងបានបន្តធ្វើកំណែទម្រង់ចំទិសដៅ និងបានលើកកម្ពស់កិច្ចសហការជាមួយគ្រប់ ភាគីពាក់ព័ន្ធ ជាពិសេសកិច្ចសហការ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ សាកលវិទ្យាល័យ និងផ្នែកឯកជន ដែលធ្វើឱ្យវិស័យអប់រំកាយ និងកីឡា បានទទួលក្តីសាទរពីមហាជន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងការប្រកួតក្នុងស្រុក ក្នុងតំបន់ និងពិភពលោក ជាពិសេសធ្វើឱ្យការរៀបចំការប្រកួត កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ទទួលបានដោយជោគជ័យគួរជាទីមោទនៈ។

យោងតាមអនុសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំដំបូង គណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ (ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣) ដើម្បីលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖

ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន
ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន

ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

សូមថ្លែងអំណរគុណដល់មន្ត្រីគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ នៅខេត្តកំពង់ឆ្នាំង ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញាបំពេញតួនាទីភារកិច្ចយ៉ាងសកម្មធ្វើឱ្យការងារអប់រំ យុវជន និងកីឡានៅក្នុងខេត្តសម្រេចបានលទ្ធផលជាទីគាប់ចិត្ត៕