ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការរើសមន្ត្រីកសិកម្មជួយកសិករនៅមូលដ្ឋាន ត្រូវមានតម្លាភាព យុត្តិធម៌ និងផ្ដល់អាទិភាពដល់អ្នកមានចំណេះដឹងកសិកម្ម


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្មត្រូវក្ដាប់ការងារឱ្យបានហ្មត់ចត់លើដំណើការជ្រើសរើសមន្ត្រីកសិកម្មដាក់ពង្រាយនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាត្រូវឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងផ្ដល់អាទិភាពដល់អ្នកមានចំណេះដឹងផ្នែកកសិកម្ម មានឆន្ទៈពិតប្រាកដក្នុងការបម្រើការងារលើវិស័យកសិកម្មនេះ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សង្កត់ធ្ងន់យ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងអំពីផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ក្នុងទំហំប្រមាណ១០០លានដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យកសិកម្មនេះ។

ពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីកសិកម្ម ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្ម ព្រោះប្រជាពលរដ្ឋត្រូវការអ្នកជំនាញជួយ ដូច្នេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មត្រូវដាក់ពង្រាយមន្ត្រីកសិកម្មចាំជួយពួកគាត់ឱ្យដល់មូលដ្ឋាន។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការងារជ្រើសរើសមន្ត្រីកសិកម្មនោះថា ធ្វើយ៉ាងណាត្រូវឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងអនុវត្តឱ្យមានប្រសិទ្ធភាព ពិសេសគឺត្រូវផ្ដល់អាទិភាពដល់អ្នកមានចំណេះដឹងផ្នែកកសិកម្ម មានឆន្ទៈពិតប្រាកដក្នុងការបម្រើការងារលើវិស័យកសិកម្មនេះ។

ឯកឧត្តមបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឱ្យធ្វើការជ្រើសរើសឱ្យច្បាស់ កុំឱ្យរើសមន្ត្រីកសិកម្មតែបានមកជាមន្ត្រីវិស្វករសំណង់ ត្រូវយកអ្នកដែលមានមូលដ្ឋានអាទិភាពចំណេះដឹងកសិកម្ម ដូចជានិស្សិតកសិកម្មដែលមានច្រើន គឺឱ្យអាទិភាពដល់ពួកគេទៅ ហើយត្រូវរើសឱ្យមានតម្លាភាព យុត្តិធម៌»

នៅពេលជ្រើសរើសបានហើយ ក្រសួងកសិកម្មត្រូវមានកម្មវិធីបណ្ដុះបណ្ដាលបំប៉នសមត្ថភាពបន្ថែមជូនពួកគេ មុនបញ្ជូនទៅធ្វើការនៅតាមមូលដ្ឋាន ហើយត្រូវមានការគ្រប់គ្រងចំនួនមន្ត្រីកសិកម្មនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងចីរភាព ជៀសវាងការចូលហើយផ្ទេរចេញទៅក្របខណ្ឌក្រសួងផ្សេង ដែលនោះមិនគប្បីចំពោះរាជរដ្ឋាភិបាល និងប្រជាជនឡើយ។ នេះបើតាមការបន្ថែមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ឯកឧត្តមបានថ្លែងថា «ប្រសិនបងប្អូនមន្ត្រីកសិកម្មគិតថា ចូលធ្វើសិន សឹមប្ដូរក្របខណ្ឌចេញតាមក្រោយនោះ សូមកុំធ្វើបែបនោះឱ្យសោះ ព្រោះប្រសិនបើធ្វើយ៉ាងនេះ មន្ត្រីសាមីនឹងធ្វើមិនគប្បី៣ចំណុច៖ ទី១-មិនគប្បីចំពោះរាជរដ្ឋាភិបាលដែលខំទុកចិត្ត ផ្ដល់ឱកាសការងារឱ្យ ទី២-ហាក់ដូចជាដណ្ដើមការងារពីអ្នកជំនាញពិតប្រាកដ មានស្មារតីឆន្ទៈបម្រើជាតិចំវិស័យ ហើយទី៣-គឺមិនគប្បីចំពោះខ្លួនឯងដែលខំចូលហើយតែបែរជាមិនផ្ទេរចេញមិនបាន ដល់ពេលផ្ទេរមិនបាន ធ្វើការងារមិនចំជំនាញ អាចបោះបង់ការងាររបស់ខ្លួន នោះអ្នកដែលខាត់ខ្លាំងបំផុតគឺប្រជាជន។ ដូច្នេះសូមរួមគ្នាជាមួយរាជរដ្ឋាភិបាលធ្វើការងារដើម្បីបម្រើជាតិ និងប្រជាជន រាជរដ្ឋាភិបាលម្នាក់ឯងធ្វើមិនសព្វគ្រប់ជ្រុងជ្រោយទេ គឺត្រូវការមន្ត្រីរាជការ ប្រជាពលរដ្ឋចូលរួម ទើបសម្រេចបានជោគជ័យ»

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានបន្តទៀតថា ដើម្បីជៀសវាងបញ្ហាខាងលើនេះ ក្រសួងកសិកម្មសូមជ្រើសរើសមន្ត្រីកសិកម្មឱ្យបានត្រឹមត្រូវ យុត្តិធម៌ រើសឱ្យចំជំនាញ ហើយការដាក់ពង្រាយនៅតាមមូលដ្ឋានប្រកបដោយផែនការច្បាស់លាស់ ធានាឱ្យបានប្រសិទ្ធភាព ធានាក្របខណ្ឌថវិកាដើម្បីជួយរាជរដ្ឋាភិបាលក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ពិសេសប្រជាកសិករ និងអ្នកនៅក្នុងវិស័យកសិកម្ម៕