ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ផែនការក្រុមប្រឆាំង ដែលទាមទារមិនឲ្យ UN ទទួលស្គាល់ឯកឧត្តម គឺជាផែនការបរាជ័យ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ផែនការរបស់ក្រុមប្រឆាំងនៅអាមេរិក ដែលទាមទារមិនឲ្យអង្គការសហប្រជាជាតិ (UN) ទទួលស្គាល់ឯកឧត្តមជាប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា គឺជាផែនការបរាជ័យ។

បើតាមការថ្លែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត UN បានទទួលស្គាល់ឯកឧត្តមរួចហើយ ទើបគេអញ្ជើញឯកឧត្តមទៅថ្លែងសុន្ទរកថា នៅថ្ងៃទី២២ ខាងមុខនេះ។ ហេតុនេះហើយ បានជាឯកឧត្តម លើកឡើងថា ផែនការនៃការធ្វើបាតុកម្មរបស់អ្នកប្រឆាំង ត្រូវបានបរាជ័យរួចជាស្រេចទៅហើយ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញជួបកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ ដែលជាវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបបងប្អូនថា បើសិនជាគោលបំណងនៃការធ្វើបាតុកម្ម កុំឲ្យ UN ទទួលស្គាល់ខ្ញុំហ្នឹង ខ្ញុំថា មិនទាន់ដឹងអីផង យកគោលដៅបរាជ័យហើយ។ គេមិនដែលដើរយុទ្ធសាស្ត្ររបៀបហ្នឹង បើដឹងថា អាហ្នឹងទៅមិនរួចទេ កុំដាក់ជាគោលដៅច្បាស់ពេក។ ថាកុំឲ្យ UN ទទួលស្គាល់ខ្ញុំ ប៉ុន្តែ UN គេដាក់ឈ្មោះខ្ញុំ ឡើងនិយាយល្ងាចថ្ងៃទី២២ ហើយហ្នឹង។ ខ្ញុំគ្រោងជួប អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំមួយចំនួនទៀត»

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា អ្នកចង់ធ្វើបាតុកម្មប្រឆាំងឯកឧត្តមនោះ គឺឯកឧត្តមមិនជំទាស់ទេ ព្រោះជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែឯកឧត្តមស្នើធ្វើអ្វីសូមគោរពច្បាប់អាមេរិកផង ប្រយ័ត្នល្មើសច្បាប់។

ឯកឧត្តមបណ្ឌិត បានថ្លែងថា «សូមកុំធ្វើអ្វី ដែលប៉ះពាល់ដល់អ្នកគាំទ្រ រាជរដ្ឋាភិបាល ព្រោះមានបងប្អូនរាប់រយរាប់ពាន់នាក់ នឹងទៅចូលរួមដែរ។ ហើយសូមកុំធ្វើអ្វី ដែលនាំឲ្យមានជម្លោះរវាងបងប្អូនអ្នកគាំទ្រ និងអ្នកប្រឆាំង។ ល្មមដល់ពេលហើយ ខុសគ្នាគោលនយោបាយ យើងកុំឈ្លោះគ្នា កុំទៅវាយគ្នានៅអាមេរិក។ គោរពសិទ្ធិគ្នា បងប្អូនបាតុកម្មចុះ បញ្ចេញមតិចុះ តែសូមគោរពសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើររាប់ពាន់គីឡូ ពីកាណាដា ពីអាមេរិក ដើម្បីទៅចូលរួមជួបជាមួយខ្ញុំផង»

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសធំៗលើពិភពលោក រួមទាំងសហគមន៍អន្តរជាតិផងនោះ បានទទួលស្គាល់ឯកឧត្តម ជានាយករដ្ឋមន្ត្រីកម្ពុជាទៅហើយ។ ជាក់ស្តែង ការទទួលជួបប្រតិភូអាមេរិក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ជាការបង្ហាញថា អាមេរិកទទួលស្គាល់រាជរដ្ឋាភិបាលនីតិកាលថ្មី ខណៈការណ៍ដែលលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចប់អាណត្តិ ត្រូវបានឯកឧត្តមអនុញ្ញាតឲ្យចូលជួបជម្រាបលាផងនោះ ក៏ជាតំណាងសហគមន៍អឺរ៉ុបទាំងមូល ដែលបានទទួលស្គាល់ឯកឧត្តមហើយដែរ៕