អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វពាហនៈ ជូនប្រជាកសិករនៅឃុំកោះមិត្ត


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម គឹម សាវឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វពាហនៈ ជូនប្រជាកសិករ នៅភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា មួយរយៈកន្លងទៅ ដែលអាជ្ញាធរខេត្ត មិនបានធ្វើពិធីជួបជុំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លង ដល់សត្វពាហនៈ ដោយសារតែបញ្ហាជំងឺកូវីដ១៩។ ប៉ុន្តែថ្ងៃនេះ អាចនិយាយបានថា ជាការចាប់ផ្ដើមដំបូង ក្នុងការជួបជុំជាមួយនិងប្រជាកសិករ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអ៊ុតក្តាម និងជំងឺសារទឹក ដល់សត្វគោ ក្របី របស់ប្រជាកសិករយើង បន្ទាប់ពីប្រទេសយើងបានបិទបញ្ចប់ការបោះឆ្នោត និងរៀបចំរាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ បន្ទាប់ពីបានបើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វពាហនៈរបស់ប្រជាកសិករយើងនៅទីនេះ ក៏អាចឱ្យប្រជាកសិករយើងនាំដំណឹងនេះ ផ្សព្វផ្សាយបន្តទៀត ដើម្បីឲ្យប្រជាពលរដ្ឋយើង ឯទៀតបានយល់ដឹង និងចេះថែទាំ អំពីសុខភាពសត្វរបស់ពួកគាត់ និងបានទទួលផលចំណេញច្រើនពីការចិញ្ចឹមសត្វត្រឡប់មកវិញ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋយើង។

ឯកឧត្តម គឹម សាវឿន បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលថ្មីក្រុមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះមានគោលការណ៍ពីរ ក្នុងវិស័យកសិកម្មរួមមាន៖

*ទី១៖ មានការសម្របសម្រួលលើកទឹកចិត្ត នៅការអភិវឌ្ឍន៍ ផលិតកម្មកសិកម្ម ទីផ្សារនិងតម្លៃធ្វើម៉េចឱ្យផលិតផលរបស់កសិករយើង មានតម្លៃសមរម្យ។

*ទី២៖ រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ និងជំរុញវិស័យកសិកម្ម ដោយដាក់បន្ថែមនូវមន្ត្រីបច្ចេកទេស តាមបណ្ដាឃុំ ទូទាំងប្រទេស ជាង ១.០០០ នាក់ ដើម្បីជួយដល់ប្រជាកសិករយើង ដែលប្រកបមុខរបរកសិកម្ម។

ឯកឧត្តម គឹម សាវឿន បានបន្តថា វិស័យចិញ្ចឹមសត្វ មិនខុសគ្នាពីការដាំដំណាំនោះទេ គឺប្រជាកសិករយើងត្រូវពឹងផ្អែកលើកត្តាមួយចំនួន ដូចជាការមានទីកន្លែងច្បាស់លាស់ ពូជសត្វដែលល្អ និងការថែទាំសុខភាពសត្វ៕