រដ្ឋមន្ត្រីក្រសួងអប់រំ បំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ចំនួន៧៧៣នាក់


គ្រឿងឥស្សរិយយសការងារ ត្រូវបាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បំពាក់ជូនបុគ្គលិកបម្រើការងារក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ចំនួន៧៧៣នាក់ ស្រី២៦០នាក់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសិរីមង្គល (បុរីភូស៊ីណូ) ដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ព្រមទាំងលោក លោកស្រីប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញ រដ្ឋបាលស្រុក ក្រុង និងលោកគ្រូ អ្នកគ្រូជាច្រើនទៀត។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងកិច្ចស្វាគមន៍ ដោយបានជម្រាបជូនអំពីសមិទ្ធិផលវិស័យអប់រំ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ទូទាំងខេត្ត មានសាលាមតេយ្យសិក្សាចំនួន១៨៧កន្លែង សិស្សមាន៩.៥៥៧នាក់ បឋមសិក្សា៣០៧កន្លែង សិស្ស៧២.១៥៥នាក់ មធ្យមសិក្សាបឋមភូមិ ៤៤កន្លែង សិស្ស ២០.២៦២នាក់ និងមធ្យមសិក្សាទុតិយភូមិ ១៦កន្លែងសិស្ស ១១.០៧០នាក់។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ មានបេក្ខជនប្រឡងចំនួន ៣.៣២៨នាក់ ប្រឡងជាប់មានចំនួន ២.០៩៩នាក់ ក្នុងនោះនិទ្ទេសA ចំនួន២៥នាក់ និទ្ទេសB ចំនួន១៤១នាក់ និទ្ទេសC ចំនួន៤១៩នាក់ និទ្ទេសD ចំនួន៧០២នាក់ និងនិទ្ទេសE ចំនួន៨១២នាក់។ ជាមួយគ្នានោះដែរ មន្ទីរអប់រំខេត្តបានរៀបចំក្រុមប្រឹក្សាកុមារកម្ពុជា នៅតាមសាលារៀន នៃកម្មវិធីសាលាកុមារមេត្រី បានចំនួន៣០៧គណៈកម្មការប្រតិបត្តិ មានចំនួន១៦៣១សាខា និង៩៧៨៦អនុសាខា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទៅតាមតួនាទីភារកិច្ចរៀងៗ ខ្លួនដោយបានថ្លែងថា គ្រូជាចង្អុលដៃទិព្វ ជាពុម្ភ និងជាថ្នាលបណ្តុះនូវធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ជាមួយគ្នានោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ បច្ចេកទេស និងពង្រីកវិសាលភាពសាលារៀនគ្រប់កម្រិត។ ការអប់រំល្អនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល ដល់គ្រួសារ និងសង្គមជាតិ ព្រោះថាការអប់រំ គឺជាកូនសោរសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ព្រោះក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងមានឧត្តមភាពប្រកួតប្រជែង នៅលើកត្តាធនធានមនុស្សដែលមានចំណេះដឹងចំណេះធ្វើទូលំទូលាយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកពិធីដ៏ពិសេសវិសាលនេះ គឺពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងចូលរួមសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ទូទាំងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមចំណែកបំពេញតួនាទី ភារកិច្ចគាំទ្រក្នុងវិស័យអប់រំនាពេលកន្លងមក ទទួលបានសមិទ្ធិផលថ្មីៗជាច្រើន។ តាមរយៈកំណែទម្រង់វិស័យអប់រំនេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ ក៏នៅតែបានចាត់ទុកវិស័យអប់រំ ជាវិស័យឈានមុខ ក្នុងនោះក៏បានដាក់ចេញនូវគោលនយោបាយថ្មីជាច្រើន ដើម្បីជម្រុញវិស័យមួយនេះ ឲ្យបានកាន់តែល្អទាំងបរិមាននិងគុណភាព។ តាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ក៏ដូចរបស់រាជរដ្ឋាភិបាល គឺតែងបានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ធនធានមនុស្សជាស្នូល និងជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះថាប្រទេសនិមួយៗគេ មិនអាចអភិវឌ្ឍបានដោយគ្មានធនធានមនុស្ស ដែលគ្មានគុណភាពនោះទេ យ៉ាងណាប្រទេសកម្ពុជាយើងក៏ដូចគ្នាជាពិសេសប្រទេសកាន់តែអភិវឌ្ឍ កាន់តែត្រូវការធនធានមនុស្សកាន់តែខ្លាំង។

ឯកឧត្តមបណ្ឌិតសផាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងទៀតថា ការបង្កើនគុណភាពធនធានមនុស្សអាចជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យសម្រចបានតាមគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដើម្បីសម្រេចគោលដៅនេះបានលុះត្រាតែមានការចូលរួមគាំទ្រពីមហាជន រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នា្កក់ ជាពិសេសជាមួយដៃគូរអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូផ្ទាល់តែម្តង។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូនិងបុគ្គលិកក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បន្តសកម្មភាពនេះឲ្យកាន់តែទូលំទូលាយប្រយោជន៍បង្កើនបានធនធានមនុស្ស និងតម្រូវទីផ្សារពលកម្ម ទាំងក្នុង និងក្រៅប្រទេស កាន់តែសម្បូរបែប និងជឿនលឿន។ ក្នុងខណៈនោះដែរ លោកបណ្ឌិតសភាចារ្យ បានសម្តែងការអបអរសាទរលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃ រដ្ឋសភា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស គឺជាមោទនៈភាព នៃខេត្តពោធិ៍សាត់។

បន្ទាប់មកឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានប្រគល់ជូនទង់ជ័យលាភី គឺថ្នាក់លេខ១ ចំនួន៤អង្គភាព និងថ្នាក់លេខ២ ចំនួន៥អង្គភាព ជូនប័ណ្ណសរសើរ ចំនួន១១អង្គភាព និងបំពាក់គ្រឿងឥស្សរិយយសការងារ ចំនួន៧៧៣នាក់ ស្រី២៦០នាក់ ក្នុងនោះគ្រឿងឥស្សរិយយស ថ្នាក់មាសចំនួន១៤២នាក់ ស្រី២៣នាក់ ថ្នាក់ប្រាក់ចំនួន២៥២នាក់ ស្រី៧៧នាក់ និងថ្នាក់សំរឹទ្ធចំនួន៣៧៩នាក់ ស្រី១៦០នាក់៕