ក្រសួងធនធានទឹក ជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៤ ខែកញ្ញា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ខ្យល់បោកបក់ រលកសមុទ្រខ្ពស់ សូមប្រុងប្រយ័ត្ន !


ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង បន្ថែមស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា។

ក្រសួងបញ្ជាក់ថា ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ៕