ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ឈប់វប្បធម៌វាយប្រហារគ្នា ព្រោះតែទស្សនៈផ្ទុយគ្នា


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស បញ្ឈប់វប្បធម៌វាយប្រហារគ្នា ដោយសារតែមានទស្សនៈផ្ទុយគ្នាតទៅទៀត។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ​​នានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានលើកឡើងអំពីគម្រោងទៅចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ នៅចុងខែកញ្ញានេះ ដោយក្នុងនោះនឹងមានប្រជាពលរដ្ឋខ្មែរមកពីប្រទេសផ្សេងៗ មកគាំទ្រ ហើយក៏មានការអះអាងអំពីគម្រោងធ្វើបាតុកម្មប្រឆាំងនឹងឯកឧត្តមផងដែរ។

ឯកឧត្តមបណ្ឌិត បានលើកឡើងដូច្នេះថា៖ «សូមគោរពគ្នាផង ភាគច្រើនសុទ្ធតែស្គាល់គ្នា នៅក្បែរគ្នាមានមួយមកស្តាប់ មួយមកធ្វើបាតុកម្ម សិទ្ធិរៀងៗខ្លួន ទៅវិញចាប់ដៃគ្នាធម្មតាទៅ យើងបង្កើតវប្បធម៌ហ្នឹងទៅ កុំបង្កើតវប្បធម៌គ្រាន់តែថា ខ្វែងគំនិតគ្នាមិនស្របគ្នា នាំឱ្យចាប់ផ្តើម ធ្វើហិង្សា ឬមួយធ្វើទង្វើខុសច្បាប់»

ឯកឧត្តមបានប្រាប់ទៅក្រុមប្រឆាំង ដែលចង់ធ្វើបាតុកម្មប្រឆាំងឯកឧត្តមនៅខាងក្រៅអង្គការសហប្រជាជាតិ កុំឱ្យធ្វើអ្វីដែលប៉ះពាល់ដល់សន្តិសុខជាតិ និងខុសច្បាប់នៅសហរដ្ឋអាមេរិក។ នាពេលកន្លងទៅ ឯកឧត្តមក៏បានជួបផងដែរជាមួយនឹងអ្នកនយោបាយមកពីបក្សផ្សេងៗ ដែលពួកគាត់បានគាំទ្រនូវគំនិតថា ក្រុមប្រឆាំងនៅថ្ងៃខាងមុខ គួរតែលើប្រធានបទជជែកដើម្បីផលប្រយោជន៍ជាតិ ជាជាងបំផុសមនុស្សឱ្យធ្វើបាតុកម្មផ្សេងៗនាំឱ្យខាតប្រយោជន៍៕