ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តដឹកកម្មករ-និយោជិតទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានណែនាំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តដឹកកម្មករ-និយោជិត ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករ-និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវយើងធ្វើផ្លូវ ធ្វើស្ពាន យើងភ្ជាប់ទាំងអស់កុំពិបាក ហើយឯកឧត្ដម ឃួង ស្រេង សូមត្រៀមរថយន្ដសម្រាប់ដឹកជូន បងប្អូនកម្មករ-កម្មការិនីទៅស្រុក ពេលលេងភ្ជុំបិណ្ឌឲ្យសប្បាយ»

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រថយន្ដក្រុងឥលូវនេះ គឺសុទ្ធតែទំនើបៗ ដោយមានបំពាក់ម៉ាស៊ីនត្រជាក់គ្រប់ៗគ្រឿង។

ទន្ទឹមគ្នានេះ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចំណាយទាំងអស់នេះ រដ្ឋចំណាយថវិកាប្រមាណ៦០ម៉ឺនដុល្លារ ក្នុងមួយៗឆ្នាំ ហើយការចំណាយនេះ គឺជាការចំណាយសម្រាប់ ជួយប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំណាយអ្វីឲ្យតែដល់ដៃប្រជាពលរដ្ឋ អត់គិតច្រើននោះទេ គឺឲ្យតែចំបាច់ដល់ដៃប្រជាពលរដ្ឋ គឺត្រូវបញ្ចេញជូន ដែលនេះជាគោលនយោបាយ ដែលបានអនុវត្ដ កន្លងទៅ ដោយសម្ដេចតេជោ ហ៊ុន សែន​ ហើយគោលនយោបាយដឹកនាំថ្មី របស់រាជរដ្ឋាភិបាលថ្មី គឺនៅតែបន្ដ៕