សម្តេចតេជោ ហ៊ុន សែន ទទួលជួប នាយិកាប្រតិបត្តិ និងនាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា ក្នុងប្រទេសម៉ាលី


សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និងលោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ដើម្បីពិនិត្យលើស្ថានការណ៍ និងសមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះនៅពេលអនាគត។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានសម្ដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អរបស់គ្រឹះស្ថាន ដែលមានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់របស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៨មក ដោយសារចំណូលនៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង៥ នៅទូទាំងប្រទេសម៉ាលី។

សម្តេចតេជោ បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា បន្តកិច្ចខិតខំប្រែងធានានិរន្តរភាពរបស់សាលា បន្តទៅទៀត។ ជាមួយគ្នានេះដែរ សម្រាប់ការអភិវឌ្ឍនៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខ សម្តេចតេជោ បានសម្រេចផ្តល់អាហាររូបករណ៍ចំនួន៧០កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថាន សម្រាប់រយៈពេល១០ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០ កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង៣០កន្លែង សម្រាប់ កម្រិតមធ្យមសិក្សាផងដែរ។

ជាកិច្ចឆ្លើយតប លោកស្រី អេវ៉ា មីស្លីវីក និង លោក មហាម៉ាត់ ឌៀររ៉ា បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅ ក្នុងនាមកុមារម៉ាលីទាំងអស់ នៃគ្រឹះស្ថានពហុសិក្សា ចំពោះអំណោយ និងកាយវិការដ៏វិសេសថ្លៃថ្លារបស់ សម្តេចតេជោ ដល់វិស័យសិក្សាធិការនៃប្រទេសម៉ាលី។

គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ប្រទេសម៉ាលី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់ សម្តេចតេជោ និងអ្នកស្រី អេវ៉ា មីស្លីវិក និងដៃគូជនជាតិម៉ាលីមួយរូបទៀត នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងនូវសាមគ្គីភាពរវាងប្រទេសទាំងពីរនៅក្នុងក្រុមគ្រួសារហ្វ្រង់កូហ្វូន និងក្របខ័ណ្ឌនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនិង កិច្ចសហប្រតិបត្តិការភាពជាដៃគូ ត្បូង-ត្បូង៕