ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នឹងបន្តដំឡើងប្រាក់បៀវត្សដល់កម្មករ និងមន្រ្តីរាជការ


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តរក្សាការដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត និងប្រាក់បៀវត្សដល់មន្រ្តីរាជការទៅតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល។

ការថ្លែងរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបជិត២ម៉ឺននាក់ មកពីរោងចក្រនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ឯកឧត្តមបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គោលការណ៍មួយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្ត នឹងបន្តបង្កើននូវប្រាក់បៀវត្សអប្បបរមារបស់កម្មករ និយោជិក  ក៏ដូចជាបៀវត្សរបស់មន្រ្តីរាជការទៅតាមលទ្ធភាពថវិកា ដែលយើងអាចធ្វើទៅបាន។ ពិតណាស់យើង មិនអាចធានា គុណម្តងមួយជាពីរទេ ប៉ុន្តែយើងនឹងធានា សូម្បីតែកូវីដក៏យើងត្រូវតែធានា»

ឯកឧត្តមបណ្ឌិតបន្តថា ទន្ទឹមនឹងការគិតគូរពីការផ្តល់ប្រាកបៀវត្សសមរម្យ ក៏ត្រូវគិតគូរពីការពង្រឹងគុណភាពការងារ និងការផលិតឱ្យកាន់តែល្អជាមុនផងដែរ។

ឯកឧត្តមបណ្ឌិតបន្តថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ខណៈបច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចពិភាក្សាចំនួន២លើកមកហើយ ដើម្បីចរចាដំឡើងប្រាក់ឈ្នួលដល់កម្មករ នយោជិតបន្ថែមទៀត។

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ត្រូវពិភាក្សាគ្នាយ៉ាងណាដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែដំឡើងជូនពួកគាត់ ឱ្យបានមុនពេលឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕