ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ និងដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរសម្រាកព្យាបាលនិងសម្ភពជ្រោយមេត្រី ស្ថិតនៅក្នុងភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ម៉ាណ ណាវី ប្រធានក្រុមប្រឹក្សាភិបាលគ្លីនិក លោកជំទាវ កុប ម៉ារីយ៉ាសតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន លោក លោកស្រី វេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃ មជ្ឈមណ្ឌលឥស្លាមកម្ពុជា សិស្សានុសិស្សសាលានូរ៉ុលអ៊ីម៉ាន និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមតំណាងរាស្ត្រ ខេត្តកណ្តាល សូមកោតសរសេីរនៃសកម្មភាពក្រុមការងារវេជ្ជបណ្ឌិត ដែល បានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងល្អក្នុងការបេីកដំណើរការមន្ទីរសម្រាកព្យាបាលឯកជនដ៏ប្រណីតស្ថិតក្នុងមូលដ្ឋានស្រុកមុខកំពូល នាពេលនេះ សមិទ្ធផលដ៏មានអត្ថប្រយោជន៍នេះ គឺកើតចេញពីនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ និងខិតខំយកចិត្តទុកដាក់យ៉ាងសកម្មលើសុខភាពជូនប្រជាពលរដ្ឋ ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា មកដល់ពេលនេះប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះជីវភាពប្រជាជនត្រូវបានលើកម្ពស់ សុខភាពសាធារណៈ ត្រូវបានលេីកកម្ពស់ មន្ត្រីរាជការ គ្រួសារក្រីក្រ កម្មករ ត្រូវទទួលបានការគាំពារសង្គមតាមរយៈការទទួលបានប័ណ្ណសមធម៌សង្គម ប.ស.ស ក្នុងការទទួលសេវាព្យាបាលជំងឺ នៅមន្ទីពេទ្យរដ្ឋនានាដោយពុំចាំបាច់បង់ថ្លៃ។ ចំពោះស្ត្រីមានផ្ទៃពោះទទួលបានការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ រហូតដល់កូនមានអាយុពីេឆ្នាំ ដែលកម្ពុជាកាលពីមុនមិនធ្លាប់មានសោះឡើយ។ ក្រសួង សុខាភិបាល បានយកទុកដាក់ខ្ពស់ ចំពោះសុខភាពសាធារណ: សេវាព្យាបាលគ្រប់ប្រភេទ ដែលក្នុងនោះសេវាព្យាបាល ឯកជនក៏មានតួនាទីសំខាន់ក្នុងការចូលរួមដេីម្បីធ្វេីយ៉ាងណា ឱ្យសេវាសុខភិបាលគ្របដណ្តប់គ្រប់ទីកន្លែង និងប្រកបដោយគុណភាពសមធម៌ផងដែរ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត សូមកោតសរសើរ និងលើកទឹកចិត្តដល់ប្អូនៗជាក្រុមគ្រូពេទ្យអោយបន្តថែរក្សាមិត្តភាព សាមគ្គីភាព ដើម្បីបង្កើតស្នាដៃថ្មី ហើយអាចជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៏ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៏ សាសនា និងនិន្នាការនយោបាយណាមួយឡើយ ។
ឯកឧត្តមតំណាងរាស្រ្តខេត្តកណ្តាល ក៌បានផ្សព្វផ្សាយ និងសូមអបអរសាទរជាអនេកប្បការជូនចំពោះលោកជំទាវ ឃួន សុដារី ឱកាសដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហារដ្ឋសភាធិការធិបតី» និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ក្នុងឱកាសព្រះមហាក្សត្រផ្តល់គោរមងារខ្ពង់ខ្ពស់តែងតាំងកាលពីពេលថ្មីៗនេះផងដែរ។
ហើយជាកិច្ចបញ្ចប់ក្នុងកម្មវិធី ឯកឧត្ដមសូមជូនពរដល់ក្រុមគ្រូពេទ្យទទួលបានជោគជ័យខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលដល់អតិថិជននេះ។
កម្មវិធីប្រព្រឹត្តទៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣