ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណក្រុមការងារ និងតំណាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុកជាង ២០០០នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុកលោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកភ្នំស្រុក ក្រុមការងារចុះឃុំ និងភូមិជាង ២០០០នាក់។ ពិធីនេះធ្វើឡើងនៅភោជនីយដ្ឋាន លី គ្រុះ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុកទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះ ជាពិសេសគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ការបោះឆ្នោតកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ជាការបោះឆ្នោតមួយដែលមានលក្ខណៈសេរីយុត្តិធម៌, ត្រឹមត្រូវ និងមានតម្លាភាព ដោយមានប្រជាពលរដ្ឋចូលរួមរហូតជាង ៨លាន ២សែននាក់ ប្រមាណ ៨៤,៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត របស់ គ.ជ.ប ហើយក្នុងនេះសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរហូតដល់ទៅប្រមាណ ៨២,៣% ។
ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ៥យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់ បងប្អូនជនរួមជាតិយើងទាំងអស់ តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» នេះសម្រាប់ដំណើរទៅមុខរបស់កម្ពុជា នឹងដាក់ចេញ ព្រមទាំងជំរុញអនុវត្តឱ្យបានជោគជ័យ នូវ «យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១» សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញពិសារ អាហារស្និតស្នាលជាមួយសមាជិក សមាជិកា ប្រកបដោយក្តីសប្បាយរីករាយផងដែរ៕