សម្តេចតេជោ ហ៊ុន សែន៖ «ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? ខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូង នៅហ្វីលីពីន ឆ្នាំ១៩៩៩ ជានាយករដ្ឋមន្ត្រី មានវ័យក្មេងជាងគេ ពេលនេះការប្រជុំកំពូលអាស៊ានលើកទី៤៣ នៅឥណ្ឌូណេស៉ី ហ៊ុន ម៉ាណែត ក៏ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេដែរ»


សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហោះសារមួយដោយបានចោទជាសំណួរថា «ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ?» ខណៈពេលសម្តេចចូលរួមប្រជុំអាស៊ានលើកដំបូង នៅហ្វីលីពីន ឆ្នាំ១៩៩៩ គឺជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ សម្រាប់ពេលនេះការប្រជុំកំពូលអាស៊ានលើកទី៤៣ នៅឥណ្ឌូណេស៉ី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងយ៉ាងដូច្នេះថា «ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ?
កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ៤៧ឆ្នាំ។

ពេលនេះការប្រជុំកំពូលលើកទី៤៣ ដែលឥណ្ឌូណេស៉ី ធ្វើជាម្ចាស់ផ្ទះ ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ។

ជូនពរថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំនិងសូមគោរពលាពីចម្ងាយ។

សូមបញ្ជាក់ថា មេដឹកនាំប្រទេសសមាជិកអាស៊ាន ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនាពេលនេះ រួមមាន៖ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានអាស៊ាន មានវ័យ ៦២ឆ្នាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានវ័យ ៤៥ឆ្នាំ, លោក សន សៃស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ មានវ័យ ៥៧ឆ្នាំ, លោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម មានវ័យ ៦៤ឆ្នាំ, លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានវ័យ ៧៦ឆ្នាំ, លោក លី ស៊ានលុង នាយករដ្ឋមន្ត្រីសិង្ហបុរី មានវ័យ ៧១ឆ្នាំ, ព្រះចៅស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រប្រទេសព្រុយណេ មានព្រះជន្ម ៧៧ព្រះវស្សា និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន មានវ័យ ៦៥ឆ្នាំ៕