ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ប្រតិភូធរុជនជប៉ុននៃខេត្តអូសាកា ដឹកនាំដោយលោក កាហ្សូយូគិ នូអ៊ិ (Kazuyuki Nui) អនុប្រធានទី១១២ នៃសភាដើមខេត្តអូសាកា និងជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ ទទួលបន្ទុកបរិស្ថាន, កសិកម្ម, រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីចេតនានាំយកបច្ចេកវិទ្យាទំនើប និងការបណ្តាក់ទុនមកកាន់កម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោក កាហ្សូយូគិ នូអ៊ិ បានជម្រាប ឯកឧត្តមរដ្ឋមន្ត្រីថា កម្ពុជាមានភាពអំណោយផលលើវិស័យកសិកម្ម ប៉ុន្តែត្រូវការធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃលើផលិតផលដែលមានស្រាប់ សំដៅធ្វើពិពិធកម្មនាំចេញនៃវិស័យនេះ។ លោក កាហ្សូយូគិ នូអ៊ិ បានបន្តទៀតថា អូសាកាគឺជាខេត្តមួយរបស់ជប៉ុន ដែលមានភាពលេចធ្លោខាងផ្នែកបច្ចេកវិទ្យា និងដំណាំកសិ-ឧស្សហកម្ម ហើយវិនិយោគិននៅក្នុងខេត្តនេះ កំពុងចាប់អារម្មណ៍ខ្លាំងចំពោះវិស័យកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ប្រតិភូជប៉ុនខេត្តអូសាកា ហើយឧត្តមបានស្នើឲ្យមានការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃ សម្រាប់ដំណាំដែលមានសក្តានុពលនាំចេញដូចជា ស្រូវ, ពោត, ដំឡូងមី, និងផលិតផលផ្សេងៗដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (CTIS)។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូជប៉ុន អំពីគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងគោលនយោបាយលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស ព្រមទាំងអត្ថប្រយោជន៍នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាទីផ្សារដ៏ធំលំដាប់ទី៣ លើពិភពលោក។
ដើម្បីសម្រួលដល់ការបណ្តាក់ទុន និងផ្តល់ឱកាសជូនវិស័យឯកជននៃប្រទេសទាំងពីរ ធ្វើការស្វែងយល់ពីសក្តានុពលផ្សេងៗលើវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យមានការចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មខេត្តអូសាកា និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងបានលើកទឹកចិត្តប្រតិភូជប៉ុននៃខេត្តអូសាកា បង្កើតជាសមាគមធុរកិច្ចនៅក្នុងប្រទេសកម្ពុជាថែមទៀត។
ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា និងមហាអនុតំបន់ទន្លេមេគង្គ ដែលបានដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះខេត្តអូសាកា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រពិភពលោក ឆ្នាំ ២០២៥ ផងដែរ៕