នាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា និងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីស


(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ លោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និង ជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានសម្តែងការអបអរសាទរជូនសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋា​ភិបាលនីតិកាលថ្មី ហើយបានអញ្ជើញសម្តេចធិបតី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​​ដាវ៉ូស ប្រទេសស្វីសនាពេលខាងមុខផងដែរ។

ការសាទរនេះ បានធ្វើឡើងក្នុងពេលលោកសាស្ត្រាចារ្យ ជួបសម្តែងការគួរសម និងពិភាក្សាការ​ងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។ លោកសាស្រ្តា​ចារ្យ បានបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​នៅ​កម្ពុជា កាលពីឆ្នាំ​២០២២ លោកសាស្រ្តាចារ្យ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជា​ប្រទេសមាន​សក្តានុពល និងកំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ។ ទន្ទឹមនេះ
លោក​សាស្រ្តា​ចារ្យ បានបង្ហាញពីបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត​នៅ​ក្នុង​តំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់។

សម្តេចធិបតី បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរ និងការសួរសុខទុក្ខនេះ។ បន្ថែមពីលើនោះ សម្តេចធិបតី បាន​ថ្លែង​អំណរគុណផងដែរ ចំពោះដំណើរទស្សនកិច្ច​របស់​លោក​​​សាស្រ្តាចារ្យ មកកាន់កម្ពុជា កាលពីឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំ​ពាក់ព័ន្ធ។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះវេទិកាសេដ្ឋកិច្ចពិភព​លោក ដែលតែងពាំនាំសមិទ្ធ​ផល​របស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅបង្ហាញ​នៅ​លើ​ឆាកអន្តរជាតិ ក៏ដូចជាការចូលរួមលើកកម្ពស់​របៀបវារៈ​នៃការអភិវឌ្ឍ​សង្គម​-សេដ្ឋ​កិច្ច​គ្រប់បណ្តាប្រទេសទាំងអស់ ដោយរាប់ទាំងកម្ពុជាផងដែរ នៅក្នុងបរិការណ៍ដ៏លំបាក និងមិន​ច្បាស់​លាស់កន្លងមក។

សម្តេចធិបតី បានស្វាគមន៍ចំពោះបំណងដ៏ល្អនេះ និងបានលើកឡើងអំពីសង្គតិភាព និង លទ្ធភាពបន្ស៉ីគ្នារវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ច​កោណ​-ដំណាក់កាលទី១ ជាពិសេសត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម​ឌីជីថល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ក្នុង​ការ​ផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជន ឱ្យកាន់តែ​មាន​​ភាពប្រសើរ​ឡើង។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល នឹងរៀបចំវេទិកាសាធារណៈរវាងរាជរដ្ឋា​​ភិបាល និង វិស័យ​ឯកជន ក្នុងខែវិច្ឆិកាខាងមុខ។ សម្រាប់ករណីនេះ លោកសាស្រ្តាចារ្យ សង្ឃឹមថា វេទិកា​សេដ្ឋ​កិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជន​បំពេញតួនាទី​របស់​ខ្លួនកាន់តែសកម្ម និង អាចរីកលូតលាស់ថែមទៀត ។

តបការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីសវិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះការអញ្ជើញនេះ ហើយសម្តេចធិបតី នឹងពិនិត្យលទ្ធភាពចូលរួម ដោយមានគណៈប្រតិភូជាមន្ត្រីរាជរដ្ឋាភិបាល និងសមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយផងដែរ៕