(ភ្នំពេញ)៖ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារថ្លែងអំណរគុណគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារអបអរសាទរឯកឧត្តម ក្នុងឱកាសព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត តែងតាំងឯកឧត្តម ជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចជាទីគោរពស្រលាញ់រាប់អាន! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេច ដែលបានផ្ញើសារអបអរសាទរខ្លួនខ្ញុំផ្ទាល់ក៏ដូចជា ឯកឧត្តម ឌិត មុន្ទី ដែលបានព្រះករុណាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យតែងតាំងខ្លួនខ្ញុំ ជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១១១ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣»។
ឆ្លៀតឱកាសនេះ ខ្ញុំសូមគោរពជូនពរ សម្តេច និងលោកជំទាវ ព្រមទាំងកូន និងចៅទាំងអស់ មានសុខភាព បរិបូណ៌ជានិច្ច និងប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត ឡើយ។
ខ្ញុំក៏ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមថ្លែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្របំផុត ចំពោះស្នាដៃដ៏ធំធេងរបស់ សម្ដេច ក្នុងការរួមចំណែកការពារសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍជាតិលើគ្រប់វិស័យយ៉ាង ជឿនលឿនក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕