សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ត្រូវឈរលើគោលការណ៍ «ចេះ គឺជាប់»


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»

ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច​បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ មុននឹងប្រកាសបែបនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានផ្ញើសារជាសំឡេងមួយរួចទៅហើយ ដោយផ្អាកជាបន្ទាន់នូវប្រឡងជើងរើសមន្រ្តីក្របខណ្ឌថ្មី ក្នុងនោះមានក៏ផ្អាកផងដែរនូវផែនការរើសមន្រ្តីឆ្នាំ២០២៣ ដើម្បីកែសម្រួលនីតិវិធីប្រឡងឡើងវិញ។

សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ «យើងត្រូវពិនិត្យធ្វើយ៉ាងណា ឱ្យត្រឹមត្រូវតម្លាភាព យុត្តិធម៌ ធានាថាអ្នកចេះជាប់ នេះហើយជាគោលការណ៍របស់យើង»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអភ័យទោសចំពោះបងប្អូនយុវជន ដែលបានដាក់ពាក្យនៅក្រសួងកសិកម្ម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានបញ្ឈប់នោះទេ ប៉ុន្តែរាជរដ្ឋាភិបាលធ្វើយ៉ាងណាពន្លឿននីតិវិធីមួយដែលរៀបចំឱ្យបានល្អជាងមុន។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ចេញដេប៉ាមកស្មើគ្នាទាំងអស់ អត់មានក្រសួងនេះរៀបអញ្ចេះ ក្រសួងនោះរៀបអញ្ចុះទៀតទេ យន្តការតែមួយគឺសម្រាប់មន្រ្តីក្របខណ្ឌទាំងអស់ គឺត្រូវប្រឡងយន្តការថ្នាក់ជាតិ ឱ្យបានយុត្តិធម៌ និងតម្លាភាព»

សម្តេចបានបញ្ជាក់បន្ថែមថា៖ សម្រាប់មន្រ្តីជាប់កិច្ចសន្យា នៅតែបន្តធ្វើតាមយន្តការក្រសួងសាមី ប៉ុន្តែត្រូវធានាថា នឹងមានតម្លាភាព និងយុត្តិធម៌ផងដែរ៕