គណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិនខេត្តហឺណាន អញ្ជើញដល់ប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ


គណៈប្រតិភូនៃគណៈកម្មការអធិការកិច្ចវិន័យនៃបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានការអញ្ជើញទៅទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីសំណាក់ ឯកឧត្តម អ៊ន បញ្ហា ឧបការី និងឯកឧត្តម អ៊ូ វិសាល អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។

នេះជាដំណើរទស្សនកិច្ចផ្លូវការនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ ។

គណៈប្រតិភូមានចំនួន ៦រូប មានដូចជា៖

១៖ លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន, ជាលេខាធិការនៃគណៈកម្មការអធិការកិច្ចវិន័យនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន ។

២៖ លោក Wang Junfeng សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការវិន័យ នៃបក្សកុម្មុយនិស្តចិន ខេត្តហឺណា ។

៣៖ លោក Li Bingbing នាយករងការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលខេត្តហឺណាន

៤៖ លោក Zhang Hao សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តចិន ខេត្តស៊ីនជាំង, លេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន ក្រុងស៊ីនជាំង។

៥៖ ប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការក្រុងស៊ីនជាំង

៦៖ លោកស្រី Kong Jie អ្នកបកប្រែនៅការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលខេត្តហឺណាន។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមានរយៈពេល ៣ថ្ងៃ (ពីថ្ងៃទី១០ ដល់ ១២ កញ្ញា) ហើយនៅថ្ងៃទី១១ ខែកញ្ញា នឹងមានជំនួបទ្វេភាគីរវាងអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈប្រតិភូខេត្តហឺណាន។ នៅពេលរសៀលថ្ងៃដដែលនឹងមានជំនួបការងារជាមួយអភិបាលខេត្តសៀមរាប និងប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ខេត្តសៀមរាប រួមទាំងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តផងដែរ៕