អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានចែកជូនពលរដ្ឋនៅឃុំទងត្រឡាច ប្រមាណ ២២០គ្រួសារ


ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច និងលោក ពូន វណ្ណា អនុប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះថ្លែងអំណរគុណ និងនាំនូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ២២០គ្រួសារ នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឱ្យដឹងថា ក្រុមការងារចុះជួយមូលដ្ឋាន ប្ដេជ្ញាបន្តចូលរួមខិតខំបម្រើពលរដ្ឋឆ្លើយតបនឹងសន្លឹកឆ្នោត។

លោក ពូន វណ្ណា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា ភាពរឹងមាំនិងការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យ្រជាពលរដ្ឋបោះឆ្នោតជូន ហើយឈ្នះឆ្នោតជាថ្មីម្ដងទៀត នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាពិសេសឃុំទងត្រឡាច បានទទួលលទ្ធផលយ៉ាងល្អប្រសើរ ដោយបានជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងខេត្តកំពង់ចាម។

ឧកញ៉ា ឡូវ ហ៊ឹង បានប្ដេជ្ញាបន្តចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាការឆ្លើយតបទៅនឹងសន្លឹកឆ្នោត ដែលប្រជាពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជំនះម្ដងទៀត។

ក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណម្ចាស់ឆ្នោត ក្នុងឃុំទងត្រឡាច និងមានការចូលរួមពីលោកបានបន្តថា បន្ទាប់ពីទទួលបានជ័យជំនះ និងការជឿទុកចិត្តពីប្រជាពលរដ្ឋនេះហើយ ក្នុងនាមក្រុមការងារចុះជួយមូលដ្ឋាន នៅតែបន្តខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ក្នុងការបម្រើប្រជាពលរដ្ឋ តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងដោះស្រាយសំណូមពរផ្សេងៗឱ្យស្របតាមគោលនយោបាយ ដែលបានដាក់ចេញ និងបានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឱ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយ ប្រជាពលរដ្ឋដែលមានជំងឺ ឈឺស្លាប់ នៅក្នុងឃុំទងត្រឡាចផងដែរ។

ជាមួយនេះ ប្រធានក្រុមការងារ ក៏បានជំរុញទៅអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ អនុវត្តនូវគោលនយោបាយភូមិឃុំ ឱ្យបានល្អប្រសើរ ក៏ដូចជាត្រូវខិតខំប្រឹងប្រែងដោះស្រាយនូវទុក្ខកង្វល់ និងសំណូមពលរដ្ឋរបស់ពួកគាត់ ឱ្យបានទាន់ពេលវេលា ទៅតាមលទ្ធភាពជាក់ស្ដែង។

ឧកញ៉ា ឡូវ ហ៊ឺង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមការការជឿទុកចិត្ត ចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្ដេចនឹងបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន និងថែរក្សាសុខសន្តិភាព ដើម្បីឱ្យពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ហើយលោកក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំទងត្រឡាច ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជំនះ ក្នុងសម្លេងឆ្នោតដ៏ច្រើនលើសលុប ៕