រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងពីការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកាខាងមុខ


រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូក «ង» អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខ។

រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៤កើត ថ្ងៃចន្ទ ១៥កើត និងអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ទី២៧ និងទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលខេត្តនឹងមានការរៀបចំពិធីប្រណាំងទូក «ង» ខេត្តពោធិ៍សាត់ ជាការរួមចំណែកបង្កើត កម្មវិធីកម្សាន្ដសប្បាយរីករាយ តាមទំនៀមទម្លាប់ ប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរយើង។

កម្មវិធីប្រណាំងទូក «ង» ខេត្តពោធិ៍សាត់ក្នុងឆ្នាំនេះនឹងប្រារព្ធរៀបចំឡើងនាថ្ងៃសៅរ៍ ៦រោច និងថ្ងៃអាទិត្យ ៧រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ និងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទៅតាមកម្មវិធីដែលបានគ្រោងទុក នៅដងស្ទឹងពោធិ៍សាត់ ក្នុងទីរួមខេត្តពោធិ៍សាត់។

រដ្ឋបាលខេត្ត សូមអំពាវនាវ និងគោរពអញ្ជើញលោក លោកស្រីមន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទាំងអស់ ចូលរួម អបអរសាទរ ទស្សនាកម្សាន្តសប្បាយ តាមពេលវេលា និងទីកន្លែងខាងលើ ដោយមេត្រីភាព។ ទន្ទឹមនេះក៏សូមស្នើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងវត្តអារាមនានា ដែលមានទូក «ង» សូមត្រៀមលក្ខណៈចុះបញ្ជីឈ្មោះទូកជាមួយអនុគណៈកម្មការរៀបចំទូក និងបច្ចេកទេស ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតប្រជែង។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់លោក លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នរដ្ឋ ជុំវិញខេត្ត អាជីវករ សេវាករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានឯកជនទាំងអស់ សូមចូលរួមជាថវិកា និងសម្ភារៈផ្សេងៗ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ តាមរយៈអនុគណៈកម្មការចំណូល-ចំណាយ ឬសូមទំនាក់ទំនង លោក ធាង សេង នាយកទីចាត់ការហិរញ្ញវត្ថុ ទូរស័ព្ទលេខ ០១២ ៩៦៦ ៩៧២ រៀងរាល់ម៉ោងធ្វើការ៕