ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើដំណើរទៅកាន់តំបន់សេដ្ឋកិច្ចពិសេសចំនួន៣នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានពិនិត្យច្រវាក់ផលិតកម្មរោងចក្រ សហគ្រាសមួយចំនួនកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
នេះជាដំណើរបេសកកម្មការងារលើកដំបូងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងនីតិកាលថ្មី បន្ទាប់ពីរូបឯកឧត្តមទទួលបានសេចក្តីទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើជាសេនាធិការជួយលើការវិនិយោគ។ តំបន់សេដ្ឋកិច្ចពិសេសដែលលោកឧបនាយករដ្ឋមន្ត្រី បានចុះទៅនោះរួមមាន តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែ ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។
ក្នុងដំណើរទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
ដំណើរចុះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះពិនិត្យច្រវាក់ផលិតរោងចក្រផលិតក្តាបន្ទះ រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រផលិតផ្ទះសូឡា រោងចក្រផលិតចំណីសត្វ និងរោងចក្រផលិតគ្រឿងសង្ហារឹមផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះដំណើរការតំបន់សេដ្ឋកិច្ចពិសេស ដែលបានប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ហើយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធស្របតាមបទដ្ឋាននានា បង្កភាពងាយស្រួលដល់អ្នកវិនិយោគ។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្តាប់នូវកង្វល់ និងបញ្ហាមួយចំនួនរបស់អ្នកវិនិយោគផងដែរ។ ឆ្លើយតបនឹងកង្វល់ទាំងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកវិស័យឯកជន និងអ្នកវិនិយោគបរទេស ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឱ្យបានល្អប្រសើរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់អ្នកវិនិយោគ ហើយរាជរដ្ឋាភិបាលមិនរួញរានឹងការដោះស្រាយនូវផលលំបាករបស់អ្នកវិនិយោគនោះឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រាប់ទៅកាន់អ្នកវិនិយោគថា កុំរួញរានឹងផ្តល់ព័ត៌មានទៅកាន់រូបលោកនៅពេលជួបបញ្ហា គឺឯកឧត្តមនឹងនាំយកបញ្ហាទាំងឡាយទៅជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយស្វះស្វែងរកដំណោះស្រាយឱ្យអស់ពីលទ្ធភាព។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអះអាងដែរថា ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ឬចូលទៅវិនិយោគតាមតំបន់សេដ្ឋកិច្ចនានា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងហោះទៅក្រៅប្រទេស ដើម្បីជួបចរចា ឬពន្យល់ដោយផ្ទាល់ដល់អ្នកវិនិយោគទាំងឡាយចង់មកវិនិយោគនៅកម្ពុជា។
ក្នុងដំណើរចុះទៅតាមតំបន់សេដ្ឋកិច្ចពិសេសដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធដែរនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានអំពាវនាវមន្ត្រីពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ត្រូវរួមគ្នាបង្កភាពងាយស្រួល រាប់តាំងពីការធ្វើលិខិតស្នាមនានាឡើងទៅ ដើម្បីលើកទឹកចិត្តអ្នកវិនិយោគនៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បើថ្នាក់ដឹកនាំប្រឹងប្រែងកៀរគរអ្នកវិនិយោគចូលមកកម្ពុជា ហើយមន្ត្រីបែរជាបង្កើតឧបសគ្គដល់អ្នកវិនិយោគ នោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលមិនទទួលបានផលនោះឡើយ។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០០៩ មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសនេះ វិនិយោគលើផ្ទៃដីទំហំ ៦៧៤.៩៣៧ម៉ែត្រក្រឡា។ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ មានគម្រោងវិនិយោគចំនួន ៥គម្រោង ដែលមានមុខសញ្ញាវិនិយោគដូចជា៖ ផលិតគ្រឿងសម្ភារៈថែរក្សាសម្ភស្ស កេសកាតុង ព្យ៉ាណូកែច្នៃ ឧបករណ៍សត្វចិញ្ចឹម គម្របប្លាស្ទិក និងដែកថែបគ្រប់ប្រភេទ។ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ បានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណជាង ២០០នាក់។
ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចាប់ផ្តើមដំណើរការពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ មានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១,១១៣ហិកតា។ បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានគម្រោងវិនិយោគចំនួន ២៣១គម្រោង ដែលមានមុខសញ្ញាវិនិយោគមដូចជា៖ ផលិតសម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ បន្ទះសូឡា គ្រឿងចក្រលើកដាក់ទំនិញ ដែកទីប បរិក្ខារពេទ្យ ក្តារប៉ាកេ ក្តារបន្ទះ គ្រឿងសង្ហារឹម សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលី និងសំបកវេចខ្ចប់ សំបកកង់រថយន្ត កាវ ទឹកថ្នាំ។ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណជា ២៥,៦០០នាក់។
រីឯតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ចាប់ផ្តើមដំណើរការពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានទីតាំងស្ថិតក្នុងភូមិត្រពាំងគោ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១៣០ហិកតា។ តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានគម្រោងវិនិយោគចំនួន ៣២គម្រោង ដែលមានមុខសញ្ញាវិនិយោគដូចជា៖ ផលិតគ្រឿងសង្ហារឹម ចំណីសត្វ សម្ភារៈសម្រាប់សត្វចិញ្ចឹម ថង់ផ្លាស្ទិក ថ្មម៉ាប កេសកាតុង សម្ភារៈការិយាល័យ ឧបករណ៍ថែទាំយានជំនិះ និងកាត់ដេរសម្លៀកបំពាក់វេជ្ជសាស្រ្ត។ តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី បានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណជា ៧,៣០០នាក់៕