អគ្គលេខាធិការអាស៊ាន បំពេញទស្សនកិច្ចនៅហ្វីលីពីន និងជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់ជាច្រើនរូប


នាទីក្រុង Quezon សាធារណរដ្ឋហ្វីលីពីន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបសម្ដែង​ការគួរសម និងពិភាក្សាការងារជាមួយ លោក Rex Gatchalian រដ្ឋមន្ត្រីក្រសួងសុខុមាលភាពសង្គម និងការអភិវឌ្ឍ និងជារដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) របស់ហ្វីលីពីន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។

ភាគីទាំងពីរ បានពិភាក្សាអំពីទិសដៅ និងវិធីសាស្ត្រជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងអាទិភាពរបស់ ASCC នៅក្រោយឆ្នាំ២០២៥ ព្រមទាំងតាមដានការងារដែលត្រូវធ្វើបន្ត ពីកិច្ចប្រជុំក្រុមប្រឹក្សា ASCC លើកទី៣០ កាលពីចុងខែសីហា កន្លងមក។

នៅទីក្រុងម៉ានីល ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រី ស្តីទីក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa P. Lazaro។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើកិច្ចការដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន រួមទាំង ការអនុវត្តសេចក្តីសំរេចរបស់មេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ នៅទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។ បន្ទាប់ពីជំនួបនេះ ក៏មានការពិសាអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋ/រាជទូត នៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រចាំហ្វីលីពីនផងដែរ។

ដោយឡែក នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្ដជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Alfredo E. Pascual រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាតាមដានការងារបន្ត ពីកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានប្រព្រឹត្តទៅកាលពីដើមខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងទន្ទឹងបន្តធ្វើការរួមគ្នាដើម្បីពង្រឹងរបៀបវារៈសមាហរណកម្មសេដ្ឋកិច្ចតំបន់ នៅក្នុងក្របខណ្ឌ AEC ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕