អភិបាលរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំជាមួយសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង តាមប្រព័ន្ធ ZOOM ដើម្បីពិភាក្សាលើការផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ដែលរងគ្រោះរញ្ជួយដី


ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ​ប្រទេស​បារាំង​ បានចូលរួមនៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ ZOOM ជាមួយសមាជិកសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដឹកនាំដោយលោកស្រី អាន អ៉ីដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម។

ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ ចំនួន២ចំណុច ដើម្បីជាប្រយោជន៍ សម្រាប់សមាជិកសមាគមទីក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ក្នុងនោះ៖ បានពិភាក្សាលើការផ្តល់ជំនួយ ទៅប្រទេសម៉ារ៉ុក ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រ ពីទីក្រុងទីក្រុងម៉ារ៉ុក ដែលបានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយមនុស្សជាង ២០០០នាក់ បានស្លាប់។

សន្តិបាតនេះ ប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានសម្រេចផ្តល់ជំនួយទៅប្រទេសម៉ារ៉ុកនេះចំនួន៥០ម៉ឺនអឺរ៉ូ ជាមួយនឹងការកៀងគរទៅប្រទេសដែលជាសមាជិកសហគមន៍អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ឱ្យជួយជ្រោមជ្រែងបន្ថែមទៀត និងទី២ ពិភាក្សា ដើម្បីជ្រើសរើសរកទីតាំងប្រទេស ដើម្បីរៀបចំអង្គសន្តិបាត សហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បន្តទៀត។

គួរបញ្ជាថា សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះលោកជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និងលោក ហ្សង់ ប៉េលឺធៀ (Jean-PELLETIER) អតីតអភិបាលក្រុងកេបក (Québec) ប្រទេសកាណាដា។

សមាគមនេះមានសមាជិកចំនួន៣០៧ មកពី ៥២ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០លាននាក់) ប្រធានបច្ចុប្បន្ននេះ គឺលោកស្រី អាន អ៉ីដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីសនិង លោក ព្យែរ ប៊យ៉ (Pierre BAILLET) ជាលេខាធិការអចិន្ត្រៃយ៍។

កាលពីខែឧសភា ឆ្នាំ២០២៣ថ្មីៗ កន្លងមកនេះ គណៈប្រតិភូ AIMF ពេលមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផល នៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះមានស្ថានីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ ស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួម រវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅសាលារាជធានីភ្នំពេញ៕