សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសអ៊ុយក្រែន ចូលជួបជូនសារតាំង និងសម្តែងការគួរសម


(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យឯកឧត្ដម Gaman Oleksandr ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Gaman Oleksandr ដែលត្រូវបានឯកឧត្ដម ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ុយក្រែនប្រចាំកម្ពុជា។

ក្នុងឱកាសនោះឯកឧត្ដម Gaman Oleksandr បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកចូលជួបជូនសារតាំង និងសម្តែងការគួរសម។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីឯកឧត្ដម ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជូនចំពោះថ្នាក់ដឹកនាំកំពូល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្ដម បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ តាមរយៈបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្ដម ជាឯកអគ្គរដ្ឋទូតនៃប្រទេសអ៊ុយក្រែនប្រចាំកម្ពុជា ឯកឧត្ដម Oleksandr នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

តាមរយៈឯកឧត្ដម ឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទី បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ ថ្នាក់នៃប្រទេសអ៊ុយក្រែន។ សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនលោកឯកអគ្គរដ្ឋទូតសូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕