នៅរសៀលថ្ងៃទី១៨ ខែសីហា បន្ទាប់ពីបានជួបសំណេះសំណាល និង បានបំពាក់មេដាយ ព្រមទាំងទទួលរង្វាន់ថវិកាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយនោះ នៅរសៀលថ្ងៃមិញនេះ សម្តេចតេជោ បានរៀបចំពិធីដង្ហែរកិត្តិយសជូនដល់កីឡាករ តាមក្បូនរថយន្ត ដែលមានម៉ូតូ១០គ្រឿងអមដំណើរអបអរសាទរផងដរ។ បន្ទាប់មកនៅល្ងាចនេះ គឺមានពិធីជប់លៀងជូនដល់កីឡាករយើងនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមដោយ ឯកឧត្តម ប៊ិន ឈិន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជំរាបថា ថ្មីៗនេះ កីឡាករជនពិការកម្ពុជាចំនួន ៣រូប បានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី នៅប្រទេសកូរ៉េ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាស និងសំរិទ្ធ ក្នុងនោះមាន កីឡាករ យ៉ាវ វណ្ណៈ ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ ហែលទឹក សេរី ៥០ម៉ែត្រ និងកីឡាករ យ៉យ កុសល ជាជនពិការជិះរទេះវ័យក្មេងបានមេដាយ សំរឹទ្ធ ១គ្រឿង។ សូមថ្លែងអំណរគុណដល់គ្រូបង្វឹក គណកម្មាធិការកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា ដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករជនពិការយើង រហូតទទួលបានមេដាយមាសនៅថ្ងៃនេះ ហើយនេះគឺជាមោទនៈភាពរបស់ កម្ពុជាទាំងមូល៕