មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


(កំពង់ធំ)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយ ស្បៀងអាហារគ្រឿងឧបភោគ បរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលសម្ដេចទាំងនិងលោកជំទាវ តែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ និងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់  ព្រមទាំងខិតខំបង្កបង្កើនផលដាំ ដំណាំ ចិញ្ចិមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ហើយត្រូវចូលរួមអនុវត្ត ឲ្យបានជោគជ័យនូវគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពលំបាកខ្វះខាតទាំងចំនួន១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស និងត្រីខកំប៉ុងចំនួនមួយយួរ ផងដែរ។

លោក អ៊ុត វណ្ណារីន មេឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តំណាងឲ្យលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំង១២ គ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានដោះ ស្រាយការលំបាកខ្វះខាតជូនពួកគាត់បានទាន់ពេលវេលា៕