កម្ពុជា-គុយបា ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ


(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូតបាន គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ឯកឧត្តម Miguel Díaz-Canel Bermúdez ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ជាថ្មីម្ដងទៀត ឯកឧត្តមរដ្ឋលេខាធិការ និងលោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរដោយពេញចិត្តចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយបានពិភាក្សាអំពីលទ្ធភាពក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអំពី ការរៀបចំកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ៕