ឯកឧត្តម វេង សាខុន អនុញ្ញាឲ្យប្រធានធនាគារពិភពលោកប្រចាំកម្ពុជា និងប្រធានធនាគារពិភពលោកប្រចាំអាស៊ីខាងកើតចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោកស្រី Inguna Dobraja ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា និងលោក Nathan M. Belete ប្រធានធនាគារពិភពលោកប្រចាំអាស៊ីខាងកើតនិងតំបន់ប៉ាស៊ីហ្វិចចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាព និងគម្រោងអភិវឌ្ឍវិស័យកសិកម្មសម្រាប់រយៈពេល៥ឆ្នាំដែលផ្តោតជាសំខាន់លើការងារអភិវឌ្ឍន៍ការស្រាវជ្រាវនិងហេដ្ឋារចនាសម្ព័ន្ធ។
នាឪកាសនេះលោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបពីគម្រោងអភិវឌ្ឍន៍សម្រាប់រយៈពេល៥ឆ្នាំ ដែលជំរុញនិងលើកទឹកចិត្តលើការផលិតផលិតផលបន្លែនិងផ្លែឈើសរីរាង្គ ដោយមិនចាំបាច់ពឹងផ្អែកតែលើផលិតកម្មស្រូវជាចំបង អនុវត្តកសិកម្មឲ្យបានល្អប្រសើរសមស្របតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ លើកកម្ពស់និងយកចិត្តទុកដាក់ដល់អាហារូបត្ថម្ភ ដើម្បីសុខុមារភាពនិងការលូតលាស់របស់ប្រជាពលរដ្ឋ ជាពិសេសកុមារក្រោមអាយុ៥ឆ្នាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តកសិកម្មឲ្យមានចេរភាព និងនិរន្តរភាព។
បន្ទាប់ពីមានមតិស្វាគមន៍ តាមរយៈលោកស្រី ក្នុងនាមខ្លួនលោកផ្ទាល់ ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តីសូមថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានជួយគាំទ្រយ៉ាងពេញទំហឹងលើគ្រប់គម្រោងដែលពាក់ព័ន្ធ និងវិស័យកសិកម្ម។ ទាក់ទងនិងសកម្មភាពគម្រោងរយៈពេល៥ឆ្នាំដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យធនាគារពិភពលោកគិតគូពិចារណាចំណុចសំខាន់ៗមួយចំនួនទៀតដូចជា៖
ទី១- គួរមានការសិក្សាស្រាវជ្រាវបច្ចេកទេសថ្មីៗធ្វើយ៉ាងណាជំរុញផលិតភាពផលិតកម្មឲ្យសមស្របតាមតម្រូវការទីផ្សារ។ ទី២-លើកកម្ពស់ផលិតកម្មសត្វសុខភាពសត្វនិងសុខភាពសាធារណៈតាមរយៈបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ។
ទី៣-សិក្សាពីលទ្ធភាពលើការផ្តល់ឥណទានដល់ប្រជាកសិករ និងវិស័យឯកជនដែលមានលទ្ធភាពធ្វើការកែច្នៃកសិផល និងជំរុញការអនុវត្តការធ្វើអនាម័យ និងភូតគាមអនាម័យជាអាទិភាព។
ទី៤-ជំរុញការងារគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តកសិកម្ម និងការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព។
កិច្ចពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាស ស្និតស្នាល មេត្រីភាព និងសហការណ៍យ៉ាងល្អ ប្រសើរដោយឈរលើគោលការណ៍រួមគឺអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី។