គណៈកម្មាធិការគណបក្សខេត្តកោះកុង ផ្សព្វផ្សាយលទ្ធផល និងបទពិសោធន៍ការចាត់តាំងអនុវត្តផែនការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងប្រគល់លិខិតសរសើរ និងបណ្ណសមាជិកបក្សគំរូថ្មី


គណៈកម្មាធិការគណបក្សខេត្តកោះកុង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំផ្សព្វផ្សាយលទ្ធផល និងបទពិសោធន៍ការចាត់តាំងអនុវត្តផែនការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងប្រគល់លិខិតសរសើរជូនមេក្រុមបក្ស, ប័ណ្ណសមាជិកគណបក្សគំរូថ្មីជូនដល់សមាជិក សមាជិកាគណបក្សឃុំកណ្តោល។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម កាយ សំរួម សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈប្រចាំការអចិន្រ្តៃយ៍គណបក្សខេត្តកោះកុង និងជាប្រធានគណៈចាត់តាំងគណបក្សខេត្តកោះកុង, លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការគណបក្សស្រុកបូទុមសាគរ និងសមាជិក សមាជិកា គណបក្សឃុំកណ្តោលប្រមាណ ៥០០នាក់។

នាឱកាសនោះដែរ ឯកឧត្តម កាយ សំរួម បានថ្លែងការកោតសរសើរចំពោះក្រុមការងាររបស់គណបក្សគ្រប់លំដាប់ថ្នាក់ដែលបានចុះជាប់ជាមួយសមាជិកបក្ស ក៏ដូចជាជាមួយប្រជាពលរដ្ឋដែលធ្វើឱ្យគណបក្សទទួលសម្លេងគាំទ្រជាង ៨៥% សម្រាប់មូលដ្ឋានខេត្តកោះកុង។

ឯកឧត្តម កាយ សំរួម ក៏បានសំណូមពរឱ្យក្រុមការងារគណបក្សទាំងអស់ បន្តយកចិត្តទុកដាក់គ្រប់គ្រងសមាជិកបក្សតាមប្រព័ន្ធបច្ចេកវិទ្យា និងបន្តកសាងសមាជិកបក្សបន្ថែមទៀត៕