អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ និងចូលរួមកិច្ចប្រជុំមួយចំនួននៅទីក្រុងណានីង ប្រទេសចិន


ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមជាមួយកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម (RCEP) លើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៉ី សាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមបានចែករំលែកពីទស្សនៈដើម្បីផ្សារភ្ជាប់ឱ្យបានខ្ពស់បំផុតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងអាស៊ាន និងចិន និងបានលើកទឹកចិត្តឱ្យសហគមន៍ធុរកិច្ចចាប់យកឱកាសបន្ថែមសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតំបន់។

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កៅ គឹមហួន បានចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ និងបានធ្វើជាអ្នកសម្របសម្រួលកម្មវិធីបើកនេះជាមួយអភិបាលតំបន់ស្វ័យតក្វាងស៊ី។ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងអំពីភាពវិជ្ជមានដែលពិព័រណ៍ចិន-អាស៊ាន បាននាំមកដល់ប្រជាជននៅក្នុងតំបន់។

នៅរសៀលថ្ងៃដដែល ឯកឧត្តម កៅ គឹមហួន បានផ្តល់សន្ទរកថានៅក្នុងកម្មវិធីការបើកទូលាយសម្រាប់កំណើនសេដ្ឋកិច្ចតំបន់ថ្មី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានចែករំលែកពីទស្សនៈដើម្បីផ្សារភ្ជាប់ឱ្យបានខ្ពស់បំផុតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងអាស៊ាន និងចិន សម្រាប់កំណើនសេដ្ឋកិច្ចតំបន់។

បន្ទាប់ពីនោះ ឯកឧត្តម កៅ គឹមហួន បានថ្លៃងសុន្ទរកថានៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍអគ្គិសនីអាស៊ាន-ចិន ឆ្នាំ២០២៣។ លោកបានស្វាគមន៍កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយចិន ដើម្បីដោះស្រាយការប្រឈមនានាក្នុងការស្វែងរកការតភ្ជាប់ថាមពលទៅវិញទៅមក និងគាំទ្រដល់សន្តិសុខថាមពលរយៈពេលវែងរបស់អាស៊ាន និងការផ្លាស់ប្តូរថាមពលដ៏ត្រឹមត្រូវ។

ឯកឧត្តមអគ្គលេខាធិការអាស៊ានបានផ្តល់សុន្ទរកថាមួយទៀតក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម (RCEP) លើកទី៣ ដោយបានលើកទឹកចិត្តឱ្យសហគមន៍ធុរកិច្ចចាប់យកឱកាសក្នុងការធ្វើសមាហរណកម្មបន្ថែមទៀតនូវច្រវាក់ផ្គត់ផ្គង់នៅក្នុងអាស៊ាន។

នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២៤។ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានសម្ដែងនូវការគាំទ្រពេញទំហឹងសម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយរបស់ឡាវ នៅក្រោមមូលបទ អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់ (ASEAN: Enhancing Connectivity and Resilience)៕